ដូណាលត្រាំ៖ ក្រុម ​IS កើតឡើងពីគោលនយោបាយខុសរបស់លោកអូបាម៉ា និងលោកស្រីហីលឡារីគ្លីនតុន

ចែករំលែក៖

បេក្ខភាពប្រធានធិបតីមកពីគណបក្សសាធារណរដ្ឋលោកដូណាលត្រាំបានចោទប្រកាន់ទៅលើគូប្រជែងរបស់ខ្លួនគឺលោកស្រីគ្លីនតុនថាជាអ្នកបង្កើតឲ្យមានក្រុមអ៊ិស្លាម IS ដោយសារតែគោលនយោបាយខុសឆ្គងល្ងងខ្លៅរបស់ខ្លួន។

...

នៅថ្ងៃទី១៧ ខែកក្កដា នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ CBS ក្នុងកម្មវិធី៦០នាទី លោកត្រាំងបានបញ្ជាក់ថា គោលនយោបាយខុសឆ្គងរបស់លោកស្រីគ្លីនតុន ក្នុងរយៈពេលដែលលោកស្រីកាន់ដំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសនោះជាដើមហេតុបង្កើតឲ្យមានក្រុមភេរវកម្ម IS កើតឡើង។

លោកត្រាំ ក៏បានទម្លាក់កំហុងឲ្យលោកអូបាម៉ាដែលជាអ្នកតែងតាំងលោកស្រីគ្លីនតុនធ្វើជារដ្ឋមន្ត្រីការបរទេស។ លោកបន្តទៀតថាលោកអូបាម៉ាបានផ្តាល់សិទ្ធិឲ្យមនុស្សដែលមិនមានការយល់ដឹង ហើយអ្វីដែលបានកើតឡើងនោះគឺជាគោលនយោបាយការបរទេសរបស់លោកស្រីគ្លីនតុនបន្សល់ទុក។

លោកត្រាំបានបញ្ជាក់ទៀតថា លោកស្រីគ្លីនតុនបានបញ្ជាឲ្យអូបាម៉ា ដោយសារតែលោកអូបាម៉ាមិនដឹងអ្វីទាំងអស់ ។ ខ្ញុំគិតថាលោកអូបាម៉ាបានពឹងផ្អែកទៅលើលោកស្រីគ្លីនតុនស្ទើរតែទាំងស្រុង។

ការវាយប្រហារខាងលើរបស់លោកត្រាំក្រោយពេលដែលប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ជាលើកទីមួយបានចូលរួមឃោសនាបោះឆ្នោតជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន នៅសប្តាហ៍ក្រោយដើម្បីស្វែងរកការគាំទ្រដល់បេក្ខភាពរបស់គណបក្សប្រជា ធិបតេយ្យ។

តាមការប្រកាសរបស់ប្រធានាធិបតី អូបាម៉ា នេះជាលើកទីមួយហើយដែលលោកចូលរួមឃោសនាបោះឆ្នោតជាមួយ លោកស្រី ហ៊ីលឡារី គ្លីនតុន ក្រោយពេលលោកបានគាំទ្រលោកស្រីឲ្យតំណាងគណបក្សប្រជែងចូលកាន់សេតវិមានជំនួសរូបលោកនៅខែវិច្ឆិកាខាងមុខ។

ចំពោះលោកត្រាំវិញកំពុងតែបាត់បង់សម្លេងគាំទ្រយ៉ាងខ្លាំងពីក្រុមជនអន្តោប្រវេសន៍នៅអាមរិក និងស្ត្រី ដោយសារតែលោកមានគោលនយោបាយធ្វើឲ្យប៉ះពល់ដល់អ្នកទាំងនោះ។

ការវាយប្រហាររបស់លោកត្រាំទៅលើគូប្រជែងរបស់ខ្លួនដោយយកក្រុមអ៊ិស្លាម IS មកនិយាយគឺជាលើកទីមួយដែលបេក្ខភាពប្រធានាធបិតីអាមេរិកបានលើកឡើង។ កន្លងមកមានព័ត៌មានជាច្រើនបានចោទប្រកាន់អាមេរិកថា ចំពោះអាមេរិកវត្ដមានរបស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋជាគន្លឹះដ៏សំខាន់ក្នុងការរក្សាមហាអំណាចនៅលើពិភពលោករបស់ខ្លួន។ ផ្ទុយទៅវិញមតិមួយចំនួនបានបញ្ជាក់ថា នោះជាលទ្ធផលនៃការធ្វើនយោបាយខុសរបស់អាមេរិកទើបបង្កឱ្យមានការលេចចេញក្រុមអ៊ិស្លាមបង្កើតរដ្ឋ ។

បើទោះបីមានការវាយប្រហារពីអាមេរិក និងសម្ព័ន្ធមិត្ដក៏ដោយក៏ក្រុមអ៊ិស្លាមបង្កើតរដ្ឋនៅតែបន្ដបែកមែកសាខាឆ្ពោះទៅមុខដោយបង្កើតទីតាំងនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ មានមនុស្សតិចណាស់ដែលដឹងថា វត្ដមានរបស់ក្រុម IS ចាប់ផ្ដើមចេញពីនយោបាយខុសឆ្គងរបស់អាមេរិក ។

សារព័ត៌មានអាល្លឺម៉ង់បានដកស្រង់ ប្រភពព័ត៌មានសម្ងាត់ដែលប្រមូលបាន ពីប្រទេសស៊ីរីឱ្យដឹងថា ក្រុម IS មើលពីខាងក្រៅជាកងកម្លាំងសាសនាជ្រុលនិយមសាហាវព្រៃផ្សៃតែការពិតកម្លាំងទាហាន IS ធ្វើសកម្មភាពយ៉ាងម៉ត់ចត់ ម៉ឺងម៉ាត់មានច្បាប់ទម្លាប់ត្រឹមត្រូវក៏ដូចជាមានក្រុមចារកម្មស៊ើបការណ៍យ៉ាងល្អប្រសើរ។ ក្រុម IS ត្រូវបានគេចាត់ទុកថា ជាក្រុមដែលកើតចេញពីអតីតមេទ័ពជាន់ខ្ពស់ធ្លាប់បម្រើការដឹកនាំកងទ័ពនៅក្នុងរបបរបស់អតីតមេដឹកនាំផ្ដាច់ការអ៊ីរ៉ាក់ សាដាម ហ៊ូសេន ។

នៅពេលដែលកម្លាំងទាហាន និងរដ្ឋាភិបាលសាដាម ហ៊ូសេន បែកខ្ញែក ដួលរលំក្រោយអាមេរិកវាយប្រហារកាលពីឆ្នាំ២០០៣ អតីតមន្ដ្រីទាហាន ជាង៤ម៉ឺននាក់ ត្រូវបានហាមប្រាមចូលរួមបម្រើក្នុងជួររដ្ឋាភិបាលថ្មី ហើយមិនទទួលបានប្រាក់បៀវត្សរ៍ពេលដែលរំសាយ ឱ្យចូលនិវត្ដន៍ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះបណ្ដាមន្ដ្រីក្រោមរបបលោក សាដាម ហ៊ូសេន ក៏ត្រូវបានរដ្ឋាភិបាលថ្មី ស្និទ្ធអាមេរិកដឹកនាំដោយនាយករដ្ឋមន្ដ្រី នូរី អាល់ម៉ាលីគី បែងចែកក្នុងគោល ដៅចម្រាញ់ដកហូតមន្ដ្រីក្នុងគណបក្ស Baath ចេញពីជួរកងទ័ព និងរដ្ឋាភិបាល ក៏ដូចជាកាត់បន្ថយតួនាទីដឹកនាំរបស់ក្រុមជនជាតិអ៊ិស្លាមនិកាយសាន់នីទៀតផង។ ទាំងនោះហើយជាមូលហេតុដែល ជំរុញឱ្យអតីតមន្ដ្រីទាំងនោះខកចិត្ដដោយខ្លួនមិនទទួលបានភាពយុត្ដិធម៌ ទើបបង្កើតឱ្យមានក្រុម IS ហើយបញ្ចេញកំហឹងដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួនធំនៅទីនោះ ។

ក្នុងពេលនេះដែរសារព័ត៌មានវ៉ាស៊ីនតោនប៉ុស្ដិ៍របស់អាមេរិកបានដកស្រង់ព័ត៌មានពីបុគ្គលដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុម IS មកបញ្ជាក់ថា ភាគច្រើនមេដឹកនាំក្រុម IS ជាអតីតមន្ដ្រីយោធាអ៊ីរ៉ាក់។ អតីតទាហាន IS មួយរូបឈ្មោះ អាប៊ូ ហាមសា ដែលបាន រត់ចេញពីក្រុម IS ទៅកាន់ប្រទេសទួរគី កាលពីឆ្នាំ២០១៤ បាននិយាយថា គាត់ទទួលបញ្ជាពីអតីតមន្ដ្រីយោធាក្រោមរបបលោកសាដាម ហ៊ូសេន។ សូម្បីតែមេបញ្ជាការកម្លាំង IS នៅស៊ីរី ក៏ជាជនជាតិអ៊ីរ៉ាក់ផងដែរ ។

លោក អាប៊ូ ហាមសា បន្ដទៀតថា បណ្ដាអតីតមន្ដ្រីចារកម្មក៏ដូចជាមន្ដ្រីយោធាបានប្រើប្រាស់សមត្ថភាព បទពិសោធរបស់ខ្លួនដែលធ្លាប់មានផែនការយុទ្ធសាស្ដ្រវាយប្រហារពង្រីកទឹកដី ទប់ទល់នឹងការវាយប្រហារពីបរទេសបានយ៉ាងល្អប្រសើរ ។

ចំណែកសារព័ត៌មានដេលីតេឡេក្រាម បានផ្សព្វផ្សាយថា រាល់សកម្មភាពរបស់អតីតមេដឹកនាំអ៊ីរ៉ាក់ សាដាមហ៊ូសេន បានបន្សល់ទុកនូវទ្រព្យសម្បត្ដិដើម្បីបង្កើតក្រុមប្រឆាំងរដ្ឋាភិបាលជិតស្និទ្ធនឹងអាមេរិក។ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានបញ្ជូនកម្លាំងសម្ងាត់ទៅក្រៅ ប្រទេសដើម្បីបំផុសបំផុលជ្រើសរើសកម្លាំងទាហានមកពីបរទេសចូលរួម ។

រយៈពេល៣ឆ្នាំក្រោយអាមេរិកផ្ដួលរំលំរដ្ឋាភិបាលសាដាម ហ៊ូសេន ឆ្នាំ២០០៦ ក្រុមទាហានមកពីក្រុមនិកាយ សាន់នីបានបង្កើតទៅជាក្រុមមួយមាន ឈ្មោះថា “ប្រទេសអ៊ិស្លាមអ៊ីរ៉ាក់” ។ លោក Cole Bunzel អ្នកឯកទេសអំពី ក្រុម IS នៅសាកលវិទ្យាល័យប្រ៊ីនស្ដុន អាមេរិកបានបញ្ជាក់ថា ក្រោយពេលមេដឹកនាំរបស់ “ប្រទេសអ៊ិស្លាមអ៊ីរ៉ាក់” លោក អាល់ បាដាឌី ត្រូវសម្លាប់នៅឆ្នាំ២០១០ភ្លាមៗនោះ មេដឹកនាំថ្មីឈ្មោះ អាល់បាទ្រី បាទ្រី ក៏ឡើងជំនួសតំណែងដឹកនាំតែម្ដង ។

លោក Cole Bunzel បញ្ជាក់ទៀត ថា ការស្លាប់របស់អតីតមេដឹកនាំអាល់ កៃដា អូសាម៉ា ប៊ិនឡាដេន ដែលត្រូវកម្លាំងទាហានអាមេរិកសម្លាប់នាឆ្នាំ២០១១ បានបង្កឱ្យមានចន្លោះប្រហោង នៅក្នុងក្រុមអ៊ិស្លាមជ្រុលនិយម។ ឆ្លៀតក្នុងពេលចន្លោះប្រហោងនោះមេដឹកនាំ ប្រទេសអ៊ិស្លាមអ៊ីរ៉ាក់ក៏បានបញ្ជាឱ្យធ្វើសកម្មភាពដាច់ដោយឡែក មិនស្ដាប់ទៅតាមការបញ្ជារបស់មេដឹកនាំក្រុម អាល់កៃដាទៀតឡើយ ។

នៅខែមេសា ឆ្នាំ២០១៣ មេដឹកនាំ ប្រទេសអ៊ិស្លាមអ៊ីរ៉ាក់ បានប្រកាសពង្រីកទឹកដីអ៊ិស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីដែលហៅកាត់ថា ISIS ។ មិនត្រឹមតែប៉ុណ្ណោះក្រុមអាល់កៃដាដែលឈរជើងនៅក្នុងប្រទេសស៊ីរី ក៏បានប្រែក្លាយទៅជាសមាជិករបស់ក្រុម ISIS ទៀតផង ។

សកម្មភាពខាងលើបានបញ្ជាក់យ៉ាងច្បាស់ថា ការជ្រៀតជ្រែកដោយកម្លាំងយោធារបស់អាមេរិកនៅក្នុងប្រទេស អ៊ីរ៉ាក់ ក៏ដូចជានៅស៊ីរីបានជំរុញឱ្យកើតមានក្រុមអ៊ិស្លាមបង្កើតរដ្ឋ។ ទាំងនោះជាយុទ្ធសាស្ដ្រខុសឆ្គងរបស់អាមេរិក ។

ក្រុមអ្នកវិភាគបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីជោគវាសនាពិភពលោកទាំងមូល ការស្ថិតស្ថេរពលរដ្ឋរស់នៅសុខសាន្ដអាស្រ័យទៅលើប្រទេសមហាអំណាចនយោបាយរបស់ប្រទេសមហាអំណាច ហើយបើមហាអំណាចដើរនយោបាយ ខុសឆ្គងនោះមហន្ដរាយប្រាកដជាកើតមានជាមិនខាន ។

កន្លងមកប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏បានប្រកាសនៅ មុខសភាអាមេរិកថា វាសនាសេដ្ឋកិច្ច ពាណិជ្ជកម្មពិភពលោក គឺអាមេរិកជាអ្នកកំណត់ ហើយមានតែអាមេរិកប៉ុណ្ណោះជាអ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុងការចេញច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មសេដ្ឋកិច្ចគ្មានប្រទេសណាមួយអាចចេញច្បាប់ទាំងនោះបានឡើយ ។

ទាំងនោះបានបញ្ជាក់យ៉ាងច្បាស់ថា នយោបាយសេដ្ឋកិច្ចយុទ្ធសាស្ដ្រនៅលើពិភពលោកប្រមូលផ្ដុំនៅក្នុងរង្វង់ដៃអាមេរិក ហើយបើអាមេរិកអនុវត្ដគោលនយោបាយខុសឆ្គងដូចជានៅក្នុងប្រទេសអ៊ីរ៉ាក់បង្កឱ្យមានក្រុមអ៊ិស្លាមបង្កើតរដ្ឋ កើតឡើងអាចធ្វើឱ្យពិភពលោកធ្លាក់ក្នុងសភាពចលាចលជាក់ជាមិនខាន ។

អាមេរិកកំពុងតែប្រមូលអំណាចទាំងស្រុងដោយខ្លាចបាត់បង់ធ្លាក់ទៅក្នុងដៃប្រទេសដែលទើបតែរីកចម្រើន ក្នុងនោះមានប្រទេសចិន និងរុស្ស៊ីជាដើម។ ចិនកំពុងតែបោះពួយឆ្ពោះទៅមុខយ៉ាងឆាប់រហ័សបានធ្វើឱ្យអាមេរិកព្រួយបារម្ភ ហើយត្រូវតែធ្វើគោលនយោបាយមួយចំនួន សម្រាប់ទប់ទល់ឥទ្ធិពលរបស់ចិន បើមិនដូច្នេះទេអាចនឹងត្រូវបាត់បង់ក្នុងរយៈពេល១០ឬ២០ឆ្នាំខាងមុខ ៕

donald-trump-hillary-clinton-va-obama-da-chung-tay-tao-ra-is-12-144356

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print