ខេត្តកណ្តាល៖ បាតុភូតគ្រោះធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់ នៅវេលាល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ បានធ្វើឲ្យសត្វគោ២ក្បាលងាប់ នៅកណ្តាលវាលស្រែ បុរសម្នាក់រងរបួសធ្ងន់ និងផ្ទះសំបែងប្រជាពលរដ្ឋ និងស្នាក់ការបក្ស ជាច្រើនខ្នងទៀតនៅក្នុងភូមិសាស្ត្រស្រុកអង្គស្នួល ខេត្តកណ្តាល រងការខូចខាត ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា បុរសដែលរងរបួសធ្ងន់ដោយសារន្ទះបាញ់ត្រូវចំនោះឈ្មោះ សាក់ ភន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ។ ចំណែកឯសត្វគោ២ក្បាលនោះមានម្ចាស់២នាក់ផ្សេងគ្នា ម្ចាស់គោទី១-ឈ្មោះ ស៊ុក សឿន ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិដណាក់អំពិល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ម្ចាស់គោទី២-ឈ្មោះ កង ជុន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិត្រពាំងកក់ ឃុំសំរោងលើ ស្រុកអង្គស្នួល ។ ដោយឡែកផ្ទះប្រជាពលរដ្ឋនិងស្នាក់ការបក្សចំនួន៧ខ្នងទៀតរងការខូចខាតប៉ើងដំបូលយ៉ាងដំណំផងដែរ ដោយសារតែការវាយប្រហាររបស់ខ្យល់កន្ត្រាក់។
ប្រភពដដែលបានបន្តថា ករណីខ្យល់កន្ត្រាក់និងរន្ទះបាញ់នេះ កើតឡើងទៅលើ៤ឃុំ គឺឃុំដំណាក់អំពិល, សំរោងលើ, ម្កាក់ និងឃុំព្រៃពួច របស់ស្រុកអង្គស្នួល ជាហេតុធ្វើឲ្យមានមនុស្សរងរបួស សត្វគោ២ក្បាលងាប់ លំនៅដ្ឋានប្រជាពលរដ្ឋនិងស្នាក់ការបក្សរងការខូចខាតយ៉ាងដូច្នេះ ៕
ដោយ៖ ស្អាងជ័យ