ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជម្រាបជូនដំណឹងដល់បងប្អូនកម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) ជ្រាបថា នារសៀលថ្ងៃទី១៩ ខែមីនា នេះ មានការ បំផុសព័ត៌មានមិនពិតថា នៅព្រឹកស្អែក ថ្ងៃទី២០ ខែមីនា ក្រសួងនឹងធ្វើការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ ផ្សេងៗជូនបងប្អូនកម្មករនិយោជិត។ ក្រសួងសូមបញ្ជាក់ថា នេះជាព័ត៌មានមិនពិត និងសូមបងប្អូនកម្មករនិយោជិត កុំជឿលើការផ្សព្វផ្សាយ និងបំផុសព័ត៌មានមិនពិតនេះឱ្យសោះ។
បច្ចុប្បន្ននេះ ក្រសួងបានទទួលរួចហើយនូវដីការក្សាការពារ ហើយសាលាដំបូងរាជធានីភ្នំពេញក៏កំពុង បំពេញនីតិវិធីលក់ឡៃឡុងទ្រព្យសម្បត្តិ ដើម្បីបានថវិកាទូទាត់ជូនបងប្អូនកម្មករនិយោជិត។ ក្រោយពេលដែល តុលាការបានបញ្ចប់នីតិវីធី និងលក់ឡៃឡុងទ្រព្យសម្បត្តិក្រុមហ៊ុនបានថវិការួចរាល់ហើយនោះ ក្រសួងនឹងប្រកាស ជាសាធារណៈឱ្យបងប្អូនកម្មករនិយោជិតជ្រាប និងមកបើកប្រាក់ឈ្នួលនិងប្រាក់បំណាច់ផ្សេងៗជាក់ជាពុំខាន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បុគ្គលទាំងឡាយ ដែលមានបំណងចង់ជួយ ដល់បងប្អូនកម្មករនិយោជិតពិតប្រាកដ សូមសិក្សាស្វែងយល់អំពីច្បាប់ និងនីតិវិធីនៃការលក់ឡៃឡុង ឱ្យបាន ត្រឹមត្រូវ មុននឹងផ្សព្វផ្សាយព័ត៌មានដល់បងប្អូនកម្មករនិយោជិត ចៀសវាងបង្កឱ្យមានការយល់ខុស។
សូមបងប្អូនកម្មករនិយោជិតដែលមានការងារថ្មី មេត្តាបន្តធ្វើការជាធម្មតារហូតដល់មានការជូនដំណឹង ជាផ្លូវការពីក្រសួងក្នុងពេលឆាប់ៗខាងមុខនេះ។ ដោយឡែក សម្រាប់បងប្អូនកម្មករនិយោជិត ដែលមិនទាន់មាន ការងារធ្វើ សូមមកទទួលឱកាសការងារថ្មីពីទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅមុខរោងចក្រ និងក្នុងតំបន់ ដែលបងប្អូនស្នាក់នៅ។ សូមបងប្អូនមេត្តាកុំរងចាំតែប្រាក់ខែចាស់ ហើយទុកឱកាសការងារថ្មី និងប្រាក់ខែថ្មីឱ្យរំលងហួស។ អ្វីដែលជាអត្ថប្រយោជន៍នៅរោងចក្រចាស់នឹងមិនបាត់បង់ឡើយ នៅពេលដែល នីតិវិធីតុលាការ និងការលក់ឡៃឡុងត្រូវបានបញ្ចប់នៅពេលខាងមុខ ៕
ដោយ ៖ សិលា