ភ្នំពេញ៖ កម្លាំងនគរបាលនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះប្រតិបត្តិការបន្តធ្វើការឆែកឆេរជនជាតិបរទេសដែលចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ នៅក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌដូនពេញ ជាលិទ្ធផលបានឃាត់ខ្លួនជនជាតិបរទេសចម្រុះពូជសាសន៍ចំនួន២៦នាក់ ។
ករណីចុះប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងទីតាំងមួយកន្លែងទៀតក្នុងកំពង់ផែថ្ម តាមបណ្ដោយផ្លូវព្រះសីុសុវត្តិ និងផ្លូវលេខ៨០ ភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
លោក ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានបន្តទៀតថា ក្រោយពីធ្វើការត្រួតពិនិត្យក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌដូនពេញ រួច កម្លាំងរបស់លោកបានរកឃើញ ពលករបរទេសចម្រុះជាតិសាសន៍ មានដូចជាជនជាតិវៀតណាម២៦នាក់ ក្នុងនោះមានជនជាតិបារាំងម្នាក់ បញ្ចូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធី ។
ពាក់ព័ន្ធនិងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវ និងសុំឲ្យជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និងគោរពច្បាប់ប្រទេសកម្ពុជាផង បើពុំនោះទេសមត្ថកិច្ចនឹងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាន នានា អស់ឲ្យបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយ ខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្ម របស់ខ្លួន បើពុំនោះទេ សមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង ។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោរប្រវេសន៍បានចែងថា ជនបរទេសណាដែលគ្មានការអនុញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឬ ល្បិចផ្សេងទៀតដែលផ្ទុយពីបទបញ្ញាតិនៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់គុកពី ៣ខែដល់ ៦ខែ មុននឹងបណ្តេញចេញត្រូវផ្តន្ទាទោសដូចគ្នានឹងជនល្មើសចំពោះជនណាដែលផ្តល់ជំនួយ ឬ ជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញាត មកក្នុងព្រះរាជាណាចក្រកម្ពុជា។
មន្ត្រីឯភ្ញាក់ងាររាជការ មានសមត្ថកិច្ច រូបណា ដែលជាអ្នកសមគំនិតឬ ជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើត្រូវផ្តន្ទាទោស ដាក់គុកពី ១ខែដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្ន ឬ មិនគោរពបទបញ្ជាត្រូវទទួលការផ្តន្ទាទោស ផ្នែករដ្ឋបាលមធ្យោបាយសម្ភារប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើសត្រូវរឹមអូសទុកជាសម្បត្តិរដ្ឋ ៕
ដោយ៖ ស ដារ៉ា