ខេត្តកំពត៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត តែងតែយកចិត្តទុកដាក់ចំពោះគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច ។ ជាពិសេសការផ្តល់សេវាសាធារណៈ សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត។
ជាក់ស្ដែងយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤នេះថា៖ លោកបានចាត់ឱ្យមន្រ្តីជំនាញ ចុះធ្វើអត្តសញ្ញាណប័ណ្តជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពត ដោយប្រេីប្រាស់រថយន្តចល័ត ដែលមានឧបករណ៍គ្រប់គ្រាន់ ដេីម្បីផ្ដល់ភាពងាយស្រួលសម្រាប់ធ្វើអត្តសញ្ញាណប័ណ្តជូនបងប្អូនប្រជាពលរដ្ឋ។
សូមជម្រាបជូនថា ក្នុងគោលបំណង ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចឱ្យកាន់តែល្អប្រសើរ ជាមួយនិងការគៀគរឱ្យមានការចូលរួមអនុវត្តពីគ្រប់មជ្ឈដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យការអនុវត្តគោលនយោបាយនេះ អនុវត្តទៅកាន់តែល្អប្រសើរ បង្កភាពកក់ក្តៅដល់ប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចនេះរួមមាន៖ ១. ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព
៦. មានអនាម័យ មានសោភណភាពល្អ និងបរិស្ថានល្អ
៧. ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕ដោយ៖តារា