យុវជនម្នាក់ឈប់រុឺម៉ក​នៅចិញ្ចេីមផ្លូវត្រូវរថយន្តLexusNX200tបើកបុកពីក្រោយស្លាប់មួយរំពេច

ចែករំលែក៖

ខេត្តកណ្តាល​ ៖ យុវជនម្នាក់បានឈប់ម៉ូតូសណ្ដោងឃ្លុបរុឺម៉កនៅចិញ្ចេីមផ្លូវដេីម្បីជួសជុល​ ស្រាប់តែរថយន្ត​Lexus​NX200tបើកដោយបុរសម្នាក់​ និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយ​មកបុកពីក្រោយពេញទំហឹងខ្ទាតទៅផ្ទប់និងដើមឈើរងការខូចខាតយ៉ាងដំណំ​ និងបណ្ដាលឲ្យយុវជនម្នាក់ម្ចាស់រុឺម៉កស្លាប់ភ្លាមៗ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​ កាលពីវេលាម៉ោង៤​ និង៣០នាទីល្ងាច​ ថ្ងៃទី២០​ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ២ ក្នុងភូមិស្រុធំ ឃុំជើងកែប​ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​ ។

    យុវជនរងគ្រោះ(ស្លាប់)មានឈ្មោះ ជ សុលីន ភេទប្រុសអាយុ១៧ ឆ្នាំស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។ និងមានស្រុកកំណេីតនៅស្រុកអង្គបុរី ខេត្តតាកែវ ។

    បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ នៅពេលកើតហេតុ​ គេសង្កេតឃើញយុវជនរងគ្រោះបានបើកម៉ូតូសណ្ដោងឃ្លុបរុឺម៉កមួយគ្រឿង​ ដោយដឹកអីវ៉ាន់មកដាក់ឲ្យម៉ូយនៅម្តុំកន្លែងកេីតហេតុ​ ។ ក្រោយមក​ ជនរងគ្រោះក៏ធ្វេីចេញមកវិញ​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងមកជើង​ ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែម៉ូតូសណ្តោងឃ្លុបរុឺម៉កបានខូចទៅមុខលែងរួច​ ទេីបជនរងគ្រោះឈប់ម៉ូតូរុឺម៉កមកអែបគៀនខាងផ្នែកខាងស្តាំដេីម្បីជួសជុល​ ។ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកLexusNX200Tពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ2BF-4642 បើកបរដោយបុរសម្នាក់ និងមាននារីម្នាក់ទៀតធ្វេីដំណេីរជាមួយតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បួងទៅជេីងដូចគ្នាក្នុងល្បឿនយ៉ាងលឿន​ រួចស្រាប់តែបុកពីក្រោយម៉ូតូសណ្តោងឃ្លុបរុឺម៉កពេញទំហឹង​ បណ្ដាលឲ្យម៉ូតូសណ្ដោងឃ្លុបរុឺម៉កគៀបជាប់លេីរថយន្តទៅផ្ទប់និងដើមឈើទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ​ ។ រីឯយុវជនម្នាក់ជាម្ចាស់ម៉ូតូសណ្ដោងឃ្លុបរុឺម៉កបានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង​ ។

    ក្រោយកើតហេតុ​ ប្រជាពលរដ្ឋដែលកន្លែងកេីតហេតុ​បានជួយឃាត់អ្នកបេីកបរប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងជំនាញចរាចរណ៍​ចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កនិងម៉ូតូសណ្ដោងឃ្លុបរុឺម៉កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់​ ។ ដោយឡែកសពជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print