ខេត្តកណ្តាល ៖ យុវជនម្នាក់បានឈប់ម៉ូតូសណ្ដោងឃ្លុបរុឺម៉កនៅចិញ្ចេីមផ្លូវដេីម្បីជួសជុល ស្រាប់តែរថយន្តLexusNX200tបើកដោយបុរសម្នាក់ និងមាននារីម្នាក់ទៀតរួមដំណេីរជាមួយមកបុកពីក្រោយពេញទំហឹងខ្ទាតទៅផ្ទប់និងដើមឈើរងការខូចខាតយ៉ាងដំណំ និងបណ្ដាលឲ្យយុវជនម្នាក់ម្ចាស់រុឺម៉កស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ កាលពីវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ២ ក្នុងភូមិស្រុធំ ឃុំជើងកែប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
យុវជនរងគ្រោះ(ស្លាប់)មានឈ្មោះ ជ សុលីន ភេទប្រុសអាយុ១៧ ឆ្នាំស្នាក់នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងមានស្រុកកំណេីតនៅស្រុកអង្គបុរី ខេត្តតាកែវ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញយុវជនរងគ្រោះបានបើកម៉ូតូសណ្ដោងឃ្លុបរុឺម៉កមួយគ្រឿង ដោយដឹកអីវ៉ាន់មកដាក់ឲ្យម៉ូយនៅម្តុំកន្លែងកេីតហេតុ ។ ក្រោយមក ជនរងគ្រោះក៏ធ្វេីចេញមកវិញ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែម៉ូតូសណ្តោងឃ្លុបរុឺម៉កបានខូចទៅមុខលែងរួច ទេីបជនរងគ្រោះឈប់ម៉ូតូរុឺម៉កមកអែបគៀនខាងផ្នែកខាងស្តាំដេីម្បីជួសជុល ។ ភ្លាមនោះស្រាប់តែមានរថយន្តម៉ាកLexusNX200Tពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BF-4642 បើកបរដោយបុរសម្នាក់ និងមាននារីម្នាក់ទៀតធ្វេីដំណេីរជាមួយតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីត្បួងទៅជេីងដូចគ្នាក្នុងល្បឿនយ៉ាងលឿន រួចស្រាប់តែបុកពីក្រោយម៉ូតូសណ្តោងឃ្លុបរុឺម៉កពេញទំហឹង បណ្ដាលឲ្យម៉ូតូសណ្ដោងឃ្លុបរុឺម៉កគៀបជាប់លេីរថយន្តទៅផ្ទប់និងដើមឈើទៅមុខលែងរួចនិងរងការខូចខាតយ៉ាងដំណំ ។ រីឯយុវជនម្នាក់ជាម្ចាស់ម៉ូតូសណ្ដោងឃ្លុបរុឺម៉កបានបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ក្រោយកើតហេតុ ប្រជាពលរដ្ឋដែលកន្លែងកេីតហេតុបានជួយឃាត់អ្នកបេីកបរប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនឹងជំនាញចរាចរណ៍ចុះមកធ្វេីការវាស់វែងស្ទូចយករថយន្តបង្កនិងម៉ូតូសណ្ដោងឃ្លុបរុឺម៉កទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ