ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧នេះ នៅបន្តយកចិត្តដាក់ទុក និងជំរុញលើបវិស័យសង្គមកិច្ច ជាពិសេសលើកកម្ពស់ជនមានពិការឱ្យចូលរួមគ្រប់វិស័យ មិនត្រឹមតែវិស័យកីឡានោះទេ។
-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល មិនទុកឱ្យជនពិការណាម្នាក់ចោលឯកា ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។
-សម្ដេចធិបតី ថ្លែងថា ការពង្រឹងវិស័យពិការភាព គឺជាការចូលរួមពង្រឹងក្ដីសង្ឃឹម និងភាពអង់អាចរបស់ជនមានពិភាព និងលើកកម្ពស់សិទ្ធិសេរី និងភាពថ្លៃថ្នូររបស់ជនមានពិការភាពក្នុងដំណើរការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។
-សម្ដេចធិបតី សម្រេចបង្កើតមូនិធិជនពិការ ដោយជាជំហានដំបូង សម្ដេចប្រកាសផ្ដល់ថវិកាចំនួន ២០០លានរៀលដល់មូនិធិនេះ រយៈពេល៤ឆ្នាំ ហើយរៀបចំលក្ខខណ្ឌឱ្យត្រឹមត្រូវ ដើម្បីធានាការគ្រប់គ្រងថវិកា។
-សម្ដេចធិបតី ប្រកាសទទួលធ្វើជាប្រធានកិត្តិយសគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧នេះ នឹងបន្តរក្សាគោលការណ៍ជួយគាំទ្រដល់កីឡាករមានពិការភាព ដើម្បីជាការលើកទឹកចិត្ត ក៏ដូចជាការអភិវឌ្ឍជនមានពិការភាព។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកជនមានពិការភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ជាការពិតការងារក្នុងវិស័យពិការភាព ពិតជាមានសារៈសំខាន់ ហើយចាំបាច់ត្រូវមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសហគមន៍ជាដើម។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទុកជនមានពិការភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ស្ដីពី ជនមានពិការភាព, អនុសញ្ញា ស្ដីពី សិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្ដទីក្រុងអ៊ីឈាន់ ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយ ដែលមានបរិយាប័ន្ន និងភាពសុខុមសម្រាប់ជនមានពិការភាព ស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ ត្រូវបោះបង់ ចោល»។
-សម្ដេចធិបតី ថ្លែងបន្ថែមថា ជាការគិតគូរដោយល្អិតល្អន់ នូវសុខុមាលភាពរបស់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ ២ភាគរយ សម្រាប់ជ្រើសរើសជនមានពិការភាពឲ្យបម្រើការងារក្នុងក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
-សម្ដេចធិបតី ថ្លែងថា វិស័យឯកជនត្រូវបានលើកទឹកចិត្ត ជាពិសេសឱ្យទទួលយកជនមានពិការភាព ឱ្យចូលបម្រើការងារដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្ដល់ឱកាសដល់ជនមានពិការភាព ក្នុងការួមចំណែកដល់កិច្ចការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យបានទូលំទូលាយបន្ថែមទៀត។
សូមជម្រាបជូនថា មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានបង្កើតឡើងដោយក្រសួងសង្គមកិច្ច ការងារ និងអតីតយុទ្ធជន តាមសេចក្តីប្រកាសចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ១៩៩៧ ដើម្បីប្រគល់ស្វ័យភាពក្នុងការដឹកនាំ ផ្តល់សេវា ស្តារលទ្ធភាពពលកម្ម បង្កើនសេដ្ឋកិច្ច រកការងារ និងផ្តល់ការងាជូនជនពិការ ដើម្បីបងប្អូនជនពិការ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានឱកាសពេញលេញចូលរួមគ្រប់សកម្មភាពនៅក្នុងសង្គម។
មជ្ឈមណ្ឌលជាតិនៃជនពិការ ត្រូវបានសម្ពោធដាក់ឱ្យអនុវត្តការងារ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩៧៕ដោយ៖ស តារា