បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត (ព្រឹត្តិការណ៍សមរាត្រីអង្គរ) នាព្រឹកព្រលឹមថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤នេះ !

ចែករំលែក៖

ខេត្តសៀមរាប ៖ ទិដ្ឋភាពភ្ញៀវទេសចរជាតិ និងអន្ដរជាតិយ៉ាងច្រើនកុះករ បានទៅទស្សនា និងផ្ដិតយករូបភាព បាតុភូតព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទអង្គរវត្ត (ព្រឹត្តិការណ៍សមរាត្រីអង្គរ) នាព្រឹកព្រលឹមថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៤នេះ ។

ព្រឹត្តិការណ៍មហស្ចារ្យនៅអង្គរវត្តនេះ តែងតែបានទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនរាប់ពាន់នាក់ ដែលចង់ឃើញហេតុការណ៍ និងចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។ អ្នកស្រាវជ្រាវបានហៅព្រឹត្តិការណ៍នេះថា សមរាត្រី (Equinox) ដែលមានសរសេរលើសិលាចារឹកបុរាណថា «វិសុវ» គឺជាពេលដែលយប់និងថ្ងៃមានរយៈពេលស្មើគ្នា។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកទស្សនាព្រឹត្តិការណ៍សមរាត្រី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ យ៉ាងច្រើនកុះករ។
សូមបញ្ជាក់ដែរថា ៖ ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

ព្រះបរមវិស្ណុលោក ឬប្រាសាទអង្គរវត្ត គឺជាអច្ឆរិយៈវត្ថុដ៏មហស្ចារ្យរបស់ព្រះរាជាណាចក្រកម្ពុជា និងជាសម័យកាលដ៏រុងរឿងបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ។ ប្រាសាទអង្គរវត្ត គឺជាសំណង់ស្ថាបត្យកម្មគ្មានពីរលើលោក និងជាសំណង់ស្ថាបត្យកម្មបែបហិណ្ឌូដែលធំជាងគេលើពិភពលោក ដែលបានបង្ហាញអំពីស្នាដៃដ៏ល្អល្អះ រចនាប្ម័ថឥតខ្ចោះ និងជានិមិត្តរូបនៃអត្តសញ្ញាណរបស់កម្ពុជា ។ ប្រាសាទអង្គរវត្ត នៅតែបន្តជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងលើសកលលោក ដែលពោរពេញដោយភាពអស្ចារ្យ ដោយនាខែមីនានេះ នឹងមានព្រឹត្តិការណ៍អយនកាល ឬសមរាត្រី ( Equinox ) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ដោយព្រះអាទិត្យនឹងរះចំប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print