ខេត្តព្រះវិហារ៖ លោក គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បាននាំយកថវិកាចំនួន២០០លានរៀល ផ្ដល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា នៅក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ម្សិលមិញនេះ។ ដែលថវិកានេះ លោក គីម រិទ្ធី ផ្ទាល់ចំនួន ៨. ៩១០.០០០រៀល ថវិកាលោក គង់ ពុទ្ធីកា អគ្គនាយកអាជ្ញាធរព្រះវិហារ ៥.០០០.០០០រៀល និងថវិការបស់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូ អ្នកគ្រូទូទាំងខេត្តព្រះវិហារ ១៨៦.០៩០.០០រៀល។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា សកម្មភាពទាំងនេះ គឺបានបង្ហាញពីវប្បធម៌ចែករំលែករបស់លោកគ្រូអ្នកគ្រូ ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះវិហារ បានស្ម័គ្រចិត្តបរិច្ចាគប្រាក់ខែរបស់ខ្លួនក្នុង១ខែ៥.០០០រៀល ដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលនេះជាលើកទី២ហើយ ដែលបានប្រមូលថវិកាដោយស្ម័គ្រចិត្តយកមកផ្តល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។
លោកអភិបាលខេត្ត បានបន្តថា ចំពោះការផ្តល់វិភាគទានដ៏សប្បុរសធម៌ជូនមូលនិធិគន្ធបុប្ផាកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការអំពាវនាវ និងលើកទឹកចិត្តពីសំណាក់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកមូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យបំផុសចលនាផ្សព្វផ្សាយ និងបន្តផ្តល់វិភាគទានសប្បុរសធម៌ តាមរយៈការចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងជាពិសេសសុខុមាលភាពរបស់កុមារ តាមរយៈការបង្កើត «មូលនិធិគន្ធបុប្ផាកម្ពុជា» នេះឡើង ដើម្បីចូលរួមធានានិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង។
បើយោងតាមរបាយការណ៍របស់មន្ទីរគន្ធបុប្ផាខេត្តសៀមរាប បានឱ្យដឹងថា ក្នុង១ថ្ងៃសម្រាប់ផ្នែកពិគ្រោះជំងឺខាងក្រៅជាមធ្យមមានចំនួន ១.៤០០នាក់ ហើយសម្រាប់អ្នកជំងឺដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានជាង ១.០០០នាក់។ សម្រាប់១ខែកុម្ភៈឆ្នាំ២០២៤ កន្លងទៅនេះ គឺផ្នែកពិគ្រោះជំងឺខាងក្រៅមានចំនួន៣ម៉ឺន៣ពាន់នាក់ជាង ក្នុងនោះករណីថ្មី ដែលមិនធ្លាប់មកមន្ទីរពេទ្យគន្ធបុប្ផាសោះមានរហូតដល់ទៅជាង២ម៉ឺននាក់។ ហើយចំនួនទាំងនេះ មានការលើសលុបលើចំនួនគ្រែដែលមានមន្ទីរពេទ្យមាន៕ដោយ៖តារា