ភ្នំពេញ៖ ជារៀងរាល់ថ្ងៃ ការកកស្ទះចរាចរណ៍ នៅត្រង់ចំណុចផ្លូវកែងសាលាបឋមសិក្សាបាក់ទូក ដែលម្ចាស់ទីតាំងលក់វត្ថុអនុស្សាវរីយ៍បានយកចំណីផ្លូវសាធារណៈមកធ្វើជាកន្លែងផ្ញើកង់ម៉ូតូ និងចតរថយន្តពាសពេញផ្លូវបង្កឲ្យមានការកកស្ទះ ចំណែកមន្រ្តីពាក់ព័ន្ធនិងលោកអភិបាលខណ្ឌ មិនឃើញ និងមិនខ្វល់ពីប្រជាពលរដ្ឋដែលធ្វើដំណើរនៅតាមផ្លូវមួយនេះទោះជាមានការកកស្ទះចរាចរក៏ដោយ។
ផ្លូវដែលតែងតែស្ទះចរាចររាល់ថ្ងៃ ជាពិសេសនៅពេលល្ងាច មានទីតាំងនៅតាមផ្លូវលេខ១៤៩ កែងផ្លូវលេខ១៥២ ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា ហើយបញ្ហាដែលនាំឲ្យមានការស្ទះចរាចរនេះ គឺមកពីម្ចាស់ទីតាំងដែលលក់វត្ថុអនុស្សាវរីយ៍ដែលមានយីហោ ហុងកុង និងភីហោស៍ បានយកចំណីផ្លូវធ្វើជាចំណតសំរាប់ម៉ូតូ និងរថយន្តភ្ញៀវរបស់ពួកគេដែលចូលមករកទិញអីវ៉ាន់នៅទីនេះ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជាពិសេសនៅពេលល្ងាចពួកគាត់ធ្វើដំណើរកាត់តាមផ្លូវនេះម្តងៗ ឃើញថាមានកន្លែងផ្ញើម៉ូតូបានយកចិញ្ចើមផ្លូវ(សឹងតែពាក់កណ្តាលទ្រូងផ្លូវទៅហើយ)ធ្វើកន្លែងទទួលផ្ញើម៉ូតូ មិនតែប៉ុណ្នឹងទេ គឺមានរថយន្តនឹម៉ូតូរ៉ឺម៉កកង់បីមកចតពេញផ្លូវនេះថែមទៀត ដែលធ្វើឲ្យផ្លូវរួមតូចមានសភាពកកស្ទះចរាចរផងដែរ។
ជាចុងក្រោយប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អាជ្ញាធរខណ្ឌ៧មករា ឲ្យចុះត្រួតពិនិត្យទីតាំងនេះផង កុំឲ្យយកចិញ្ចើមផ្លូវ ធ្វើជាកម្មសិទ្ធិខ្លួនឯងបែបនេះ ៕
ដោយ៖ ជ្រោយពេជ្រ