ភ្នំពេញ ៖ ដោយមានការអនុញ្ញាតពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ខ្ញុំ និងសហការីនៃក្រសួងមុខងារសាធារណៈ បានចូលរាយការណ៍អំពីវឌ្ឍនភាពការងារក្នុងក្របខណ្ឌលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤។ នេះជាប្រសាសន៍ របស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តថា ៖ ការអនុញ្ញាតឱ្យរាយការណ៍ជាប្រចាំ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតីលើការងារកែទម្រង់ ព្រមទាំងការផ្ដល់សេចក្ដីទុកចិត្តជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈក្នុងការអនុវត្តការងារក្នុងនាមជាសេនាធិការ ដើម្បីសម្រេចលទ្ធផលឆ្លើយតបទៅនឹងចក្ខុវិស័យរបស់សម្ដេចធិបតី និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈដែលជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គូសបញ្ជាក់ថា ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃក្រសួងមុខងារសាធារណៈ ពិតជាមានមោទនភាពបំផុតក្នុងការបំពេញបេសកកម្ម និងភារកិច្ចដ៏មានសារៈសំខាន់មួយនេះ ដើម្បីដឹកនាំកំណែទម្រង់ដែលនឹងធានាដល់ប្រព័ន្ធរដ្ឋបាលសាធារណៈមួយដែលកាន់តែរឹងមាំជូនប្រទេសជាតិ និងប្រជាជន🇰🇭 ៕