ក្រសួងការងារ​ ជូនដំណឹងដល់បងប្អូនកម្មករនៅរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក (R.G FOOTWEAR (CAMBODIA) CO., LTD.) ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី៣០​ ខែមីនា​ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ អ.ជី ហ៊្វូតវែរ (ខេមបូឌា) ឯ.ក ដែលមានទីតាំងស្ថិតនៅផ្លូវលំ ភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជ្រាបថា ដោយសារឧបទ្ទវហេតុអគ្គិភ័យឆេះរោងចក្រទាំងស្រុង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ ធ្វើឱ្យ រោងចក្រមិនអាចស្តារលទ្ធភាពដំណើរការអាជីវកម្មឡើងវិញក្នុងពេលឆាប់ៗបានឡើយ។ ក្នុងកាលៈទេសៈមិនប្រាកដអំពីពេលវេលា និងលទ្ធភាពនៃការស្វែងរកទុនបន្ថែមថ្មីដើម្បីជួសជុល សាងសង់ និងបំពាក់សម្ភារ បរិក្ខារ ឡើងវិញ រោងចក្របានប្រកាសបិទដំណើរការរបស់ខ្លួនទាំងស្រុង ដែលនាំឱ្យកិច្ចសន្យាការងាររបស់បងប្អូនកម្មករ និយោជិតទាំងអស់ ត្រូវបានរំលាយផងដែរ។

កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកោះអញ្ជើញតំណាង រោងចក្រមកជួបពិភាក្សាអំពីការទូទាត់អត្ថប្រយោជន៍តាមច្បាប់ជូនបងប្អូនកម្មករនិយោជិត។ ជាលទ្ធផល បើទោះបី រោងចក្រកំពុងខ្វះខាតថវិកាទូទាត់ទៅភាគីជាច្រើនក៏ដោយ ក៏ម្ចាស់រោងចក្រនឹងផ្តល់អាទិភាពខិតខំស្វែងរកថវិកា ពីប្រភពនានាមកបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សងៗ ជូនបងប្អូនកម្មករនិយោជិត ស្របទៅតាមច្បាប់ ស្តីពីការងារឱ្យបានមុនគេ។ ដោយហេតុថា រោងចក្រទើបដំណើរការបានក្នុងរយៈពេលខ្លី ហើយបងប្អូនកម្មករ និយោជិតប្រើប្រាស់កិច្ចសន្យាការងារមានថិរវេលាកំណត់ (FDC) ដូច្នេះ បងប្អូនកម្មករនិយោជិតនឹងទទួលបាន ចំនួន ៣ចំណុច ដូចខាងក្រោម៖

១. ប្រាក់ឈ្នួលដែលមិនទាន់បានបើកក្នុងខែចុងក្រោយ (មាត្រា១១៦)

២. ប្រាក់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)

៣. ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ ៥% (មាត្រា៧៣)

សូមបងប្អូនកម្មករនិយោជិតអញ្ជើញទៅ សាលាស្រុកអង្គស្នួល ដែលស្ថិតនៅផ្លូវជាតិលេខ៤ ភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដើម្បីបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗនៅ ថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨:៣០ នាទីព្រឹក តទៅ ទៅតាមបញ្ជីឈ្មោះ និងលេខរៀង ដែលក្រសួងនឹងបិទផ្សាយនៅ សាលាស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ មុនបើកប្រាក់។
សូមបងប្អូនកម្មករនិយោជិត យកមកជាមួយនូវឯកសារដូចខាងក្រោម៖

១. ប័ណ្ណ (កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន
២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមក៖
– លោក ធុល នាង ០៨៨ ២២២ ៩៦៦៦
– លោក វ៉ា សុវណ្ណពិសាល ០១២ ៤៩៩ ៩៩២

ទន្ទឹមនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតដែលមិន ទាន់មានការងារថ្មីធ្វើ សូមមកទទួលឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និង ការងារ (NEA) ដែលនឹងដាក់ប្រចាំការនៅខាងមុខរោងចក្រចាប់ពី ថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤ តទៅ និង នៅមុខសាលាស្រុកអង្គស្នួល នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ ឬមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬធ្វើការទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ ០៧៧ ២៣២ ៣៧៨/០១៦ ៧៨៦ ៦៥៥។

ក្រសួងសូមថ្លែងអំណរគុណដល់ម្ចាស់រោងចក្រ ដែលមានការទទួលខុសត្រូវខ្ពស់ និងខិតខំរកថវិកាមកបើក ជូនកម្មករនិយោជិតតាមច្បាប់ស្តីពីការងារ និងតាមសំណូមពររបស់ក្រសួង ជាពិសេស សូមអរគុណដល់បងប្អូន កម្មករនិយោជិតដែលបានរក្សាភាពស្ងប់ស្ងាត់ ប្រកបដោយមនោសញ្ចេតនាចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុ នេះ និងទុកឱកាសឱ្យក្រសួង និងរោងចក្ររួមគ្នាដោះស្រាយបញ្ហានេះដោយសន្តិវិធី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនកម្មករនិយោជិតទាំងអស់ជ្រាបជាព័ត៌មាន និងអញ្ជើញទៅ បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗរបស់ខ្លួនតាមពេលវេលា និងទីតាំងកំណត់កុំបីខាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print