ភ្នំពេញ ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) សូមជម្រាបជូនដំណឹងដល់សាធារណជន និងវិនិយោគិនទាំងអស់ របស់ក្រុមហ៊ុន ខេមបូឌាន អុិនវេសស្ទ័រ ឃែភីថល ផាតនើរ ម.ក (ស៊ីអាយស៊ី ផាតនើរ) មេត្តាជ្រាបថា÷កន្លងមក ន.ម.ក. ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានលេខ០១០/២៤ ន.ម.ក./ស. ប្រ.ព. ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ ពាក់ព័ន្ធនឹងករណីក្រុមហ៊ុន ស៊ីអាយស៊ីផាតនើរ។ ន.ម.ក. សូមធ្វើការបញ្ជាក់ជាថ្មីថា ចំណាត់ការជា ច្រើនមកហើយលើករណីនេះ គឺធ្វើឡើងក្នុងគោលដៅការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់គ្រប់រូប ទៅតាមនីតិវិធីកិច្ចគាំពារវិនិយោគិនជាធរមាន។ ន.ម.ក. បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដោយតម្រូវឱ្យ ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ ចាត់វិធានការកែទម្រង់ ពិនិត្យ រៀបចំគ្រប់គ្រងចំនួនប្រាក់វិនិយោគរបស់វិនិយោគិន ស្របច្បាប់ និងចាត់ចែងទ្រព្យដែលកាត់កងបានឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ច្បាស់លាស់ ក្នុងគោលដៅ អភិវឌ្ឍន៍ដើម្បីធានាបានជាប្រយោជន៍ដល់វិនិយោគិនដែលបានដាក់ប្រាក់ជាមួយក្រុមហ៊ុន។ តាមរយៈកិច្ចការ ទាំងអស់ដែលតម្រូវ និងណែនាំឱ្យក្រុមហ៊ុន ជាពិសេសគណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិ ឱ្យអនុវត្តជាបន្ទាន់ គឺសំដៅការពារផលប្រយោជន៍របស់វិនិយោគិន ដែលមកទល់ថ្ងៃនេះ ទ្រព្យសកម្មរបស់ក្រុមហ៊ុនត្រូវបានប្រមូល មកវិញប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ដែល ន.ម.ក. បាន និងកំពុងជំរុញការរៀបចំវេចខ្ចប់ឱ្យបាន ត្រឹមត្រូវតាមផ្លូវច្បាប់ ដើម្បីការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់។ សូមជម្រាបបញ្ជាក់ជូនជាថ្មី ផងដែរថា ន.ម.ក. បានធ្វើការងារតាមនីតិវិធី និងបែបបទនៃច្បាប់ ក៏ដូចជាបច្ចេកទេសជានិយ័តករ ដើម្បីគោលដៅ ការពារផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ អនុលោមតាមនីតិវិធី និងបទប្បញ្ញត្តិជាធរមានក្នុងវិស័យ មូលបត្រ។ ន.ម.ក. នឹងបន្តពិនិត្យ គ្រប់គ្រងការងាររបស់គណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិជាបន្ត និងឃ្លាំមើលជាប្រចាំ ព្រមទាំងបានពិនិត្យជាស្រេចនូវគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិនៃវិស័យមូលបត្រ ដើម្បីការពារ ឱ្យបានជាអតិបរិមានូវផលប្រយោជន៍របស់វិនិយោគិនស្របច្បាប់ទាំងអស់ ទោះបីក្នុងស្ថានភាពដែលក្រុមហ៊ុន កំពុងជួបការលំបាក។
ក្នុងករណីវិនិយោគិនណាមានចម្ងល់ពាក់ព័ន្ធនឹងករណីខាងលើរបស់ក្រុមហ៊ុន ស៊ីអាយស៊ី ផាតនើរ អាច ទំនាក់ទំនងមកកាន់ ន.ម.ក. ដោយផ្ទាល់ នៅទីស្តីការនិយ័តករមូលបត្រកម្ពុជា ដែលស្ថិតនៅអគារអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ ឬតាមទូរសព្ទលេខ ០២៣ ៨៨៥ ៦១១/០៩៨ ៣០៨ ៣៣៣។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងវិនិយោគិនទាំងអស់ មេត្តាជ្រាប៕
ដោយ ៖ សិលា