ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំពិធីជួបសំណេះសំណាលជាមួយអ្នកកីឡាជើងចាស់ និងនិមន្តព្រះសង្ឃសូត្រមន្តលើករាសីតាមទម្លាប់ដែលធ្លាប់ធ្វើរៀងរាល់ឆ្នាំមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន មន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងមន្ត្រីនៃគណៈកម្មាធិការអូឡាំពិកកម្ពុជាជាច្រេីនរូបផងដែរ ។
គួរបញ្ជាក់ថា កម្មវិធីនេះបានក្លាយជាទម្លាប់ប្រចាំឆ្នាំសម្រាប់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក៏ដូចជាអង្គភារ ស្ថាប័នផ្សេងៗទៀតដែលប្រារព្ធធ្វើឡើងដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើននិងពរសព្វសាធុការពីទេវតាឆ្នាំថ្មី ដើម្បីរួមគ្នា អនុវត្តការងារបន្ដនៅឆ្នាំថ្មីខាងមុខឱ្យសម្រេចបានជោគជ័យធំៗបន្ថែមទៀត។
សម្រាប់ជំនួបជាមួយព្រឹទ្ធាចារ្យកីឡា ដែលតែងតែធ្វើនេះ គឺជាការបណ្ដុះនូវផ្នត់ គំនិតសម្រាប់អ្នកជំនាន់ក្រោយ មិនត្រូវមើលរំលងមនុស្សចាស់ដែលជាឃ្លាំងនៃចំណេះដឹង និងបទពិសោធន៍សម្រាប់អ្នកជំនាន់ក្រោយនោះឡើយ។ ជាមួយនឹងការសូត្រមន្តតាមប្រពៃណីព្រះពុទ្ធសាសនានោះក៏មានការផ្ដល់វត្ថុអនុស្សាវរីយ៍ រួមនឹងថវិកា១ចំនួនដល់ព្រឹទ្ធាចារ្យកីឡាផងដែរ៕ដោយ ៖ ភារ៉ា ដង្កោ