ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខ រាជធានីភ្នំពេញ និងបណ្តាខេត្តនានា នឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីចូលរួមអបអរសាទរឆ្នាំថ្មីឱ្យបានអធិកអធម និងសប្បាយរីករាយ ព្រមទាំងរៀបចំការលែងល្បែងប្រជាប្រិយខ្មែរ ស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ។
សូមបងប្អូន ពូមីង តាយាយទាំងអស់ រីករាយក្នុងការជួបជុំ លេងកំសាន្តគ្រប់ល្បែងប្រពៃណីយេីង រីករាយក្នុងការធ្វេីបុណ្យទាន ពិសេសសូមប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វេីដំណេីរ បេីកបរដោយគោរពច្បាប់ចរាចរណ៍ អធ្យាស្រ័យគ្នាខ្ពស់ និងសូមសមប្របកដោយសេចក្តីសុខ និងសុវត្ថិភាពជានិច្ច។ សូមបញ្ជាក់ថា ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំទៅដល់អាជ្ញាធរខេត្តរាជធានីទូទាំងប្រទេសឲ្យរៀបចំនូវការលេងល្បែងប្រជាប្រិយ៍ ការប្រគុំវង់ភ្លេង និងរាំបទភ្លេងប្រជាប្រិយខ្មែរ រួមទាំងស្នើទៅដល់យុវជនយុវនារីចេះគោរពសិទ្ធិនិងសេចក្ដីថ្លៃថ្នូរទៅវិញទៅមកក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។ថ្លែងនៅក្នុងពិធីសម្ពោធព្រះបុទុមចេតិយ នៅក្នុងវត្តមុណីរតនារាម ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើសុំឲ្យពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខជាពិធីមួយដែលពោរពេញទៅដោយក្ដីសប្បាយរីករាយនៃប្រជាជនខ្មែរទូទាំងប្រទេស ជាមួយនឹងការលេងល្បែងប្រជាប្រិយ ការរាំកំសាន្តចម្រៀងបែបប្រពៃណី ដោយជំរុញទៅជាពិសេសទៅដល់យុវជនយុវនារី។
សម្ដេចថា៖ «នេះហើយជាការរួមគ្នាស្រឡាញ់ប្រពៃណីវប្បធម៌ជាតិ»។
ដោយមិនបានលើកពីការលេងជះទឹក និងប៉ាតម្សៅ សម្ដេចធិបតីបានស្នើទៅដល់យុវជនយុវនារីទាំងអស់ត្រូវចូលរួមលេងសប្បាយប្រកបដោយការគោរព និងជាពិសេសមិនប៉ះពាល់ទៅដល់សិទ្ធិនិងថ្លៃថ្នូររបស់ក្មេងស្រី។
ជាមួយគ្នានេះសម្ដេចក៏បានជំរុញការសប្បាយរីករាយដោយមិនមានគ្រឿងស្រវឹងផងដែរ៕