ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូយ៉ាងលឿនជ្រុលទៅ បុករថយន្តចំពីក្រោយចំហៀងខាងស្តាំពេញទំហឹងបណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ៩ និង ៥០នាទីយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ចំណុចចន្លោះទី១១ស្ពានទី១២ ស្ថិតក្នុងសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះហ៊នឡង់ ឌី អាយុ៣០ឆ្នាំ មុខរបរបំរើកាងារនៅធនាគារមួយកន្លែង មានស្រុកកំណើតរស់នៅ ខេត្តកណ្តាល។
ប្រភពព័ត៏មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្ត ឡិចស៊ីស RX350 ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AV-3231 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរចំនួន ៣នាក់ទៀតធ្វើដំណើរ តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតមកលិច ខណៈបើកមកដល់ចំណុចកើតហេតុក៏បានបង្អង់ល្បឿនរួចបត់ឆ្វេងឆ្លងចូលទៅផ្លូវ បេតុងពេលឆ្លងមិនទាន់បានពាក់កណ្តាលផ្លូវផង ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាក ហុងដាឌ្រីម ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FZ-2562 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ៦ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនគោលបំណងត្រឡប់ទៅផ្ទះ នៅម្តុំស្ពានទី១៣ ក៏បានជ្រុលទៅបុករថយន្តចំពីចំហៀងខាងស្តាំ ផ្នែកខាងក្រោយនៃរថយន្ត បណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនិងកន្លែងតែម្តង ។ ក្រោយ
កើតហេតុ បុរសអ្នកបើករថយន្ត បម្រុងបើករត់ ក៏ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់ ប្រគល់ជូនសមត្ថកិច្ច ដើម្បីយកទៅសួរនាំ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍វាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ