សារព័ត៌មានអាមេរិក Axios នៅថ្ងៃទី១ ខែមេសា បានផ្សាយថា សហរដ្ឋអាមេរិកនិងអ៉ីស្រាអែលត្រូវបានរំពឹងថាអាចនឹងរៀបចំកិច្ចប្រជុំមួយតាមអនឡាញ នៅថ្ងៃចន្ទ ទី១ខែមេសានេះ ដើម្បីពិភាក្សាពីសំណើរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ពាក់ព័ន្ធនឹងផែនការវាយលុកចូលទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សា។
សារព័ត៌មាន Axios ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអ៉ីស្រាអែលនិងអាមេរិកចំនួន៤រូប។ តាមពិតទៅកិច្ចប្រជុំនេះ គ្រោងធ្វើឡើងកាលពីសប្ដាហ៍មុន តែត្រូវបានលុបចោលទៅវិញចំពោះមុខភាពតានតឹងរវាងលោក ណេតាន់ យ៉ាហ៊ូ និងលោក បៃដិន។ អ៉ីស្រាអែលបានលុបចោលកិច្ចប្រជុំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក មិនព្រមបោះឆ្នោតវេតូប្រឆាំងនឹងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់មួយសម្រាប់តំបន់ហ្កាហ្សា។ ប៉ុន្តែ រំលងបានមួយថ្ងៃ លោក ណេតាន់ យ៉ាហ៊ូ បានជូនដំណឹងដល់សេតវិមានពីគម្រោងរៀបចំកាលបរិច្ឆេទថ្មីសម្រាប់កិច្ចប្រជុំនេះ។
គួរបញ្ជាក់ថា រដ្ឋបាលលោក ចូ បៃដិន បានជំទាស់ជាសាធារណៈចំពោះផែនការបើកប្រតិបត្តិការជើងគោកវាយលុកចូលទីក្រុង Rafah ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង១លាននាក់កំពុងជ្រកកោន ដោយព្រមានថា ប្រតិបត្តិការយោធាទ្រង់ទ្រាយធំណាមួយនឹងបង្កជាគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរ។
ដើម្បីជាថ្នូរនឹងការស្នើឱ្យអ៉ីស្រាអែលកុំវាយលុកចូល Rafah រដ្ឋបាលលោក បៃដិន បានលើកឡើងនូវជម្រើសផ្សេងទៀតជាច្រើន ក្នុងនោះរួមមានទាំងការផ្តោតលើជំហានដំបូងនៃការធានាសន្តិសុខនៅតាមព្រំដែនរវាងអេហ្ស៉ីប និងហ្កាហ្សា ក្រោមក្របខ័ណ្ឌនៃការចូលរួមរវាងអាមេរិក អេហ្ស៉ីប និងអ៉ីស្រាអែល ដើម្បីកម្ទេចរូងក្រោមដីនៅតាមព្រំដែន និងបង្កើតហេដ្ឋរចនាសម្ព័ន្ធរារាំងកុំឱ្យមានការលួចលាក់ដឹកអាវុធចូលទៅក្នុងតំបន់ហ្កាហ្សា៕ ដោយធីរីណា
រូបថត: baotintuc.vn