ភ្នំពេញ ៖ បុរសម្នាក់មានឈ្មោះហៅពេជ្រ ដែលជាក្រុមកាងារនិងសាច់ញាតិរបស់អ្នកនាង LOVERIYA ដែលជាអ្នកលក់អនឡាញមួយរូបបានជិះម៉ូតូ មកលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រែកសំរោង បន្សល់ទុកតែម៉ូតូនិងសម្ភារៈមួយចំនួន។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១១:២០នាទីយប់ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២៤ ចំណុចលើស្ពានព្រែកសំរោង ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុដោយមានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់លើស្ពានព្រែកសំរោង បានឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដា scoopy ពណ៌ក្រហមពាក់ស្លាកលេខ កណ្តាល 1V-4502 មកឈប់នៅលើស្ពានព្រែកសំរោង រួចក៏លោត ទៅក្នុងទន្លេលិចបាត់។ ក្រោយកើតហេតុសមត្ថកិច្ចបានរាយការណ៍ទៅថ្នាក់លើ យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រែកថ្មីរងចាំក្រុមគ្រួសារមកទទួល។
ប្រភពដដែលពីសមត្ថកិច្ចបានឲ្យដឹងទៀតថា មួយសន្ទុះក្រោយមកក៏មានក្រុមគ្រួសារជនរងគ្រោះ បានមកដល់ចំណុចកើតហេតុនៅក្នុងនោះដែរ គេស្គាល់ថាមានអ្នកនាងLOVERIYA ដែលជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូប រួមទាំងមានក្រុមកាងាររបស់ជនរងគ្រោះជាច្រើននាក់ទៀត បានមកដល់លើស្ពានព្រែកសំរោង ដើម្បីអុជធូប និងសែនផ្លែឈើរនៅលើស្ពាន រួចក៏សុំម៉ូតូscoopy ជារបស់បុរសរងគ្រោះត្រឡប់ទៅផ្ទះវិញ៕ជ្រោយពេជ្រ