ប្រទេសថៃ ជួបព្យុះកម្តៅ ដោយសីតុណ្ហភាពហក់ឡើងឈានដល់​៤២អង្សាសេឯណោះ

ចែករំលែក៖

ទីក្រុង​បាងកក​៖​ នាយកដ្ឋានឧតុនិយម ប្រទេសថៃ​ បានចេញសេចក្តីប្រកាសថា សីតុណ្ហភាពនៅខេត្តភាគខាងជើង​ និងកណ្តាល បានឈានដល់​ ៤២អង្សាសេឯណោះ​ ខណៈថៃ ត្រូវរងការវាយប្រហារដោយរលកកម្តៅ ក្តៅបែកផ្សែង និងកំពុងជួបប្រទះព្យុះកម្តៅទៀត ហេីយនេះមិនមែនជារឿងចម្លែកឡើយ ដែលនៅខែមេសាជារៀងរាល់ឆ្នាំផងដែរ។

ប្រព័ន្ធសម្ពាធទាប ដែលកំពុងគ្របដណ្តប់តំបន់ភាគខាងជើងនិងឦសានប្រទេស គឺជាមូលហេតុនៃអាកាសធាតុក្តៅហែង រួមទាំងក្នុងនិងជុំវិញទីក្រុងបាងកកផងដែរ។នេះបេីតាមការចុះផ្សាយរបស់ The Nation នៅថ្ងៃចន្ទទី១​ខែមេសា​ ឆ្នាំ​២០២៤។ 

ដោយ​ឡែក​នៅតំបន់កណ្តាលឆៀងខាងត្បូង សីតុណ្ហភាពអតិបរិមាពេលថ្ងៃ ត្រូវបានគេព្យាករថា នឹងមានចន្លោះពី៣៨អង្សាសេ ទៅ៤២អង្សាសេ ខណៈសីតុណ្ហភាពអប្បបរមាមានចាប់ពី២៤អង្សាសេ ដល់២៧អង្សាសេ។​ រីឯនៅភាគខាងជើង សីតុណ្ហភាពត្រូវបានគេរំពឹងថា នឹងកើនដល់៤២អង្សាសេនៅតំបន់ខ្លះ ខណៈភាគឦសាននិងខាងកើត សីតុណ្ហភាពអតិបរិមា ត្រូវបានគេព្យាករ នឹងឡើងដល់៤០អង្សាសេ។

គួររម្លឹកដែរថា​ កាលពីខែកុម្ភៈឆ្នាំ២០២៤នេះ អ្នកជំនាញថៃ បានព្រមានថា ឆ្នាំនេះ ប្រទេសថៃ ក៏ដូចជាតំបន់អាស៊ីអាគ្នេយ៍ នឹងជួបប្រទះអាកាសធាតុក្តៅខ្លាំងបំផុតមិនធ្លាប់មានសោះក្នុងប្រវត្តិសាស្រ្ត ដោយសារបាតុភូត El Nino។

បាតុភូត El Nino បង្កឡើងដោយការកើនឡើងនៃសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើត ដែលនាំទៅដល់ដំណាក់កាលនៃការឡើងកម្តៅផែនដី។

បាតុភូតធម្មជាតិនេះ តែងតែកើតមានរៀងរាល់២ទៅ៧ឆ្នាំម្តង ហើយទាញបន្ថយកម្រិតភ្លៀងធ្លាក់នៅតំបន់អាស៊ីអាគ្នេយ៍ និងភាគខាងត្បូងប្រទេសអូស្ត្រាលី។ ផលប៉ះពាល់របស់វាត្រូវបានគេចាត់ទុកថាធ្ងន់ធ្ងរគួរសម ពោលគឺវាចោទជាបញ្ហាដល់វិស័យកសិកម្ម ការនាំចេញ និងទេសចរណ៍ ព្រមទាំងវិស័យផ្សេងៗទៀត៕

(រូបថត៖ AFP​ និងEPA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print