ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ពាក់ព័ន្ធបទល្មើសអំពើ លួចមានស្ថានទម្ងន់ទោស ដោយការគាស់ទំលុះទំលាយ (ប្រើម៉ាឡេតដោះបង្គោលផ្លាកសញ្ញាចរាចរណ៍) ត្រូវបានសមត្ថកិច្ចធ្វេីការឃាត់ខ្លួន នៅ
ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៤និង១០នាទី ត្រង់ចំណុចស្ពានបាក់ ផ្លូវជាតិលេខ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ សាត ចំរ៉ុង ហៅ ម៉ុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និងបក្ខពួកម្នាក់ទៀតឈ្មោះ សឿន សែន ភេទប្រុស អាយុ២៦ឆ្នាំ បានគេចខ្លួនបាត់ ។
សមត្ថកិច្ចបានឲ្យដឹងថា វត្ថុតាងចាប់យករួមមាន ៖ ម៉ាឡេតចំនួន០១, កង់ពណ៌ស ចំនួន០១, ផ្លាកសញ្ញាចរាចរណ៍ដោះចេញពីបង្គោលចំនួន០២ (ពណ៌លឿងចំនួន០១, ពណ៌ខៀវចំនួន០១), បង្គោលដែកទីបមូលប្រវែង៦០សង់ទីម៉ែត្រចំនួន០២ដើម, ដែកសម្រាប់ចាប់ផ្លាកសញ្ញាចរាចរណ៍ភ្ជាប់ជាមួយបង្គោលចំនួន០៣, ខ្ចៅសម្រាប់ចាប់ភ្ជាប់ផ្លាកសញ្ញាចរាចរណ៍មួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០៤និង១០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹស បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រសង្កាត់ព្រែកកំពឹស តាមផ្លូវជាតិលេខ០២ ពីកើតទៅលិច លុះមកដល់ចំណុចស្ពានបាក់ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យឈ្មោះ សាត ចំរ៉ុង ហៅ ម៉ុង ភេទប្រុស អាយុ២៣ឆ្នាំ បានធ្វើសកម្មភាពប្រើម៉ាឡេតដោះបង្គោលផ្លាកសញ្ញាចរាចរណ៍ ដែលចាប់ភ្ជាប់នៅទ្រូងផ្លូវ ចំនួន០២ បង្គោល ហើយដោះបំបែកផ្លាកសញ្ញាចេញពីបង្គោល រួចលើកដាក់លើកង់ពណ៌សចំនួន០១គ្រឿ ជិះគេចខ្លួន។ ពេលនោះកម្លាំងសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សាត ចំរ៉ុង ហៅ ម៉ុង រួមនិងវត្ថុតាងខាងលេីយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យឈ្មោះ សាត ចំរ៉ុង ហៅ ម៉ុង បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) និងបក្ខពួកម្នាក់ទៀតឈ្មោះ សឿន សែន ភេទប្រុស អាយុ២៦ឆ្នាំ ពិតជាបានជិះកង់មកធ្វើសកម្មភាពប្រើម៉ាឡេតដោះយកបង្គោលផ្លាកសញ្ញាចរាចរណ៍ចំនួន០២បង្គោល ដែលចាប់ភ្ជាប់នៅទ្រូវផ្លូវជាតិលេខ២ ហើយដឹកបង្គោលផ្លាកសញ្ញាចរាចរណ៍គេចខ្លួន បានចំងាយប្រហែល១៥ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចសមត្ថកិច្ចឃាត់ខ្លួនបានប្រាកដមែន ចំណែកបក្ខពួកឈ្មោះ សឿន សែន បានគេចខ្លួនបាត់។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញប៉ុស្ដិ៍នគរបាលព្រែកកំពឹស ធ្វេីការកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់បន្ត ៕ ដោយ ៖ ភារ៉ា ដង្កោ