សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗ​ឱកាសអញ្ជើញបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអង្គារទី២ ខែមេសា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី​បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ ដូចខាងក្រោម​៖

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កម្ពុជាមានកិត្តិយស ក្នុងការធ្វើជាម្ចាស់ផ្ទះ ស្របពេលដែលយើងត្រូវ ដោះស្រាយបញ្ហាប្រឈមជាយុទ្ធសាស្ត្រ និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមាន នៅក្នុងតំបន់របស់យើង។ មូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់បច្ចេកវិទ្យា និងកំណើនប្រកបដោយបរិយាប័ន្ន» គឺជារបៀបវារៈចំកាលៈទេសៈ និងមានមហិច្ឆតា។

-សម្តេចធិបតី ថ្លែងថា អាស៊ាន បានពង្រឹងជំហររបស់ខ្លួន ក្នុងនាមជាកម្លាំងសេដ្ឋកិច្ចមួយក្នុងសកលលោក ដែលមានកំណើនរឹងមាំ, កម្លាំងពលកម្មពេញដោយជវភាព និងកិច្ច ខិតខំប្រឹងប្រែងក្នុងការធ្វើសមាហរណកម្មជាលំដាប់។

-សម្តេចធិបតី ថ្លែងថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទីប្រាំនៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល ។ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤ ដែលការណ៍នេះ គូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។

-សម្តេចធិបតី ថ្លែងថា សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ ក្នុងការក្លាយទៅជាស្នូល នៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេង ទៀតជុំវិញសកលលោកផង។ សេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកប ដោយជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា ។

-សម្តេចធិបតី បានថ្លែងដោយបានកត់សម្គាល់ឃើញថា សុន្ទរកថាគន្លឹះនៅក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូល នឹងពិភាក្សាស៊ីជម្រៅ អំពីបញ្ហាសំខាន់ៗ ដែលមានការពាក់ព័ន្ធ ខ្ពស់នឹងតំបន់របស់យើង ប្រធានបទដែលត្រូវបានជ្រើសរើស ឆ្លុះបញ្ចាំងឱ្យឃើញពីការយល់ដឹងយ៉ាងជ្រាលជ្រៅ អំពីគោលការណ៍ណែនាំរបស់អាស៊ាន, ការអភិវឌ្ឍថ្មីៗ និង ទីតាំងជាយុទ្ធសាស្ត្ររបស់កម្ពុជា ។

-សម្តេចធិបតី ថ្លែងថា ការជួបជុំរបស់យើងនៅថ្ងៃនេះ មានសក្ដិនុពល ក្នុងការបង្កើតជាកាតាលីករ សម្រាប់ការបង្កើនកិច្ចសហការធុរកិច្ច និងពង្រឹងទំនាក់ ទំនងរវាងប្រជាជាតិអាស៊ាន និងដៃគូសកលរបស់យើង កិច្ចសហការបែបនេះ អាច បង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់វិបុលភាពរួម និងអនាគតសេដ្ឋកិច្ច ដែលមានភាពធន់ជាង មុន សម្រាប់គ្រប់តួអង្គពាក់ព័ន្ធ ។

-សម្តេចធិបតី ថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ អាស៊ានជាមួយសេដ្ឋកិច្ចធំៗ ដូចជា៖ អូស្ត្រាលី, នូវែលហ្សេឡង់, ចិន, ជប៉ុន, ឥណ្ឌា និង កូរ៉េ បង្ហាញអំពីការតម្រង់ទិស ប្រកបដោយជោគជ័យរបស់អាស៊ាន នៅក្នុងទិដ្ឋភាពភាពជា ដៃគូសេដ្ឋកិច្ច។

-សម្តេចធិបតី ថ្លែងថា អត្ថន័យស្នូលរបស់អាស៊ាន គឺផ្តោតលើកិច្ចសហប្រតិបត្តិការ។ សមិទ្ធកម្មសេដ្ឋកិច្ចដ៏គួរឱ្យកត់សម្គាល់របស់យើង នៅទូទាំងតំបន់ កើតចេញពីការចូលរួមយ៉ាងសកម្មរបស់វិស័យឯកជន។ ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលសម្របសម្រួលដោយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយន ការអភិវឌ្ឍនាពេលបច្ចុប្បន្នរបស់អាស៊ាន ។

-សម្តេចធិបតី ថ្លែងថា វេទិកានានា ដូចជា កិច្ចប្រជុំ កំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅតែមានសារៈសំខាន់សម្រាប់ការជំរុញការវិនិយោគ ក្នុងតំបន់, បង្ហាញពីជវភាពនៃសេដ្ឋកិច្ចអាស៊ាន ទៅកាន់សហគមន៍សកលលោក។ និងគូស រំលេចពីភាពប្រទាក់ក្រឡារបស់អាស៊ាន នៅក្នុងសេដ្ឋកិច្ចសកល ។

-សម្តេចធិបតី ថ្លែងថា ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញរបស់អាស៊ាន, យើងត្រូវប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ដ៏ល្អ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, កម្លាំងពលកម្មជំនាញ និង ទីផ្សារប្រកបដោយជវភាព ដើម្បីប្រែក្លាយតំបន់អាស៊ាន ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មនិងការវិនិយោគ ដ៏គួរឱ្យទាក់ទាញ ដោយមានរដ្ឋជាសមាជិក ជាមូលដ្ឋានផលិតកម្ម ដែលបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

-សម្តេចធិបតី ថ្លែងថា តំបន់អាស៊ាន ដែលមានការតភ្ជាប់ឆ្លងព្រំដែន មានរំហូរព័ត៌មាន ដោយសេរី និងមានការផ្ដល់សិទ្ធិអំណាចដល់ពលរដ្ឋគ្រប់រូបឱ្យប្រើប្រាស់ឧបករណ៍នៃយុគ សម័យឌីជីថល ។

-កម្ពុជាបានអនុម័ត ច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់ គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជារួម។ រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញបរិយាកាសនៃកិច្ចសន្ទនាបើកចំហតាមរយៈការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដើម្បីសហការយ៉ាងសកម្មជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម និងធានានូវភាពជោគជ័យនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាល ទើបបានដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» ដើម្បីផ្តល់ “អត្ថប្រយោជន៍ពិសេស” ដល់ការវិនិយោគក្នុងឆ្នាំ ២០២៤ នៅក្នុងខេត្តព្រះសីហនុ ។ កម្មវិធីពិសេសនេះគឺជាជំហានដ៏សំខាន់មួយ ក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីបម្រើជា មជ្ឈមណ្ឌលតំបន់ សម្រាប់ផលិតកម្ម, ពាណិជ្ជកម្ម, ធុរកិច្ច, ហិរញ្ញវត្ថុ ។ល។ រាជរដ្ឋាភិបាល ក៏បាននិងកំពុងរៀបចំការរចនាឡើងវិញនូវតំបន់សេដ្ឋកិច្ចពិសេស ដោយគិតគូរពីលក្ខណៈចម្រុះនៃឧស្សាហកម្ម, វិនិយោគិន និងអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស។

-សម្តេចធិបតី ថ្លែងថា កម្ពុជាតែង គាំទ្រយ៉ាងសកម្ម ដល់ការអភិវឌ្ឍបណ្តាញថាមពលអាស៊ានប្រកបដោយភាពរឹងមាំ និងមានសមាហរណកម្ម។​ គម្រោងប្រកបដោយចក្ខុវិស័យវែងឆ្ងាយបែបនេះ នឹងជំរុញឱ្យមាន សន្តិសុខថាមពល និងបង្កើតឱ្យមានកាលានុវត្តភាពសេដ្ឋកិច្ច តាមរយៈរំហូរនៃថាមពល ស្អាតឆ្លងកាត់ព្រំដែន ។ ការណ៍នេះនឹងជួយពង្រឹងឧស្សាហកម្ម, ពង្រឹងសហគមន៍ និងធ្វើឱ្យអាស៊ាន ក្លាយទៅជាតំបន់ឈានមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

-សម្តេចធិបតី ថ្លែងថា កម្ពុជាបានឆ្លងកាត់ការផ្លាស់ប្តូរ គួរឱ្យកត់សម្គាល់ដោយបានវិវត្តទៅជាសេដ្ឋកិច្ចទំនើប ដែលមានសមារណកម្ម ក្នុងសេដ្ឋកិច្ចសកល ។ សេដ្ឋកិច្ចកម្ពុជា ក៏បានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ។ មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជារក្សាបាននូវអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យមលើសពី ៧% ក្នុងមួយឆ្នាំ សម្រាប់ រយៈពេល២ទសវត្សរ៍។ ទោះបីមានការបន្ទច់បង្អាក់នាពេលថ្មីៗនេះក៏ដោយ, សេដ្ឋកិច្ច កម្ពុជា ក៏បានស្ទុះងើបឡើងវិញ ជាមួយនឹងអត្រាកំណើន ៥,៦% ក្នុងឆ្នាំ ២០២៣ និងត្រូវបានព្យាករថានឹងមានកំណើន ៦,៦% ក្នុងឆ្នាំ ២០២៤ ហើយនឹងអាចត្រលប់ទៅរកអត កំណើនមុនជំងឺរាតត្បាត ក្នុងរង្វង់ ៧% ក្នុងឆ្នាំ ២០២៨ ដែលការណ៍នេះ បង្ហាញអំពី អនាគតសេដ្ឋកិច្ចប្រកបដោយក្តីសង្ឃឹមរបស់កម្ពុជា។

-សម្តេចធិបតី ថ្លែងថា កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់។

-សម្តេចធិបតី ថ្លែងថា កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ, ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្រប្រទេស បូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សា- ហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។

សូមជម្រាបថា​ កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើង​ក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់ បច្ចេកវិទ្យា និងកំណើនប្រកបដោយ​បរិយាប័ន្ន (Unleashing ASEAN’s Potential: Connectivity, Technology, and Inclusive Growth)»។

...

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា មានគោលដៅជំរុញសក្តានុពលអាស៊ាន ដែលកម្ពុជា គឺជាចំណុច​ស្នូល និងលើកយកប្រធានបទសំខាន់ៗ មកជជែកពិភាក្សារួមមាន៖ តំណភ្ជាប់ខ្សែបញ្ជូនថាមពលអាស៊ាន ចីរភាពនិងថាមពលកកើតឡើងវិញរបស់អាស៊ាន, កម្ពុជា គឺជាច្រកទ្វារទៅកាន់អាស៊ាន និង ការប្រើប្រាស់​បច្ចេក​វិទ្យាដើម្បីកំណើនប្រកបដោយបរិយាប័ន្ន៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print