ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា កន្លងទៅការធ្វើតេស្ដរកសារធាតុញៀនមួយចំនួន អាចមានលទ្ធផលមិនប្រក្រតី ដោយអ្នកមិនបានប្រើប្រាស់សារធាតុញៀន ប៉ុន្ដែបែរជាធ្វើតេស្ដឃើញវិជ្ជមាន ហើយបើតាមការបញ្ជាក់ពីក្រសួងសុខាភិបាល ឥទ្ធិពលថ្នាំពេទ្យស្របច្បាប់មួយចំនួន អាចបង្កជាលទ្ធផលវិជ្ជមាន ពេលធ្វើតេស្ដរកសារធាតុញៀនតាមទឹកម៉ូត។
យោងតាមសេចក្ដីណែនាំ ស្ដីពីការចាត់តាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលលេខ០១ បប ចុះថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ដីពីវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា ក្នុងករណីមានការតវ៉ាពីមន្ដ្រី ដើម្បីបញ្ជាក់លទ្ធផលឡើងវិញ ត្រូវទាក់ទងមកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមជម្រាបថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយក្រសួងសុខាភិបាល បានសម្រេចជ្រើសរើសប្រភេទឧបករណ៍ធ្វើតេស្តចំនួន៣ប្រភេទ ដែលអាចធានាគុណភាព និងសុក្រឹតភាពនៃលទ្ធផលតេស្តក្នុងនោះមាន៖
– ប្រភេទទី១៖ NPK Methamphetamine
– ប្រភេទទី២៖ Drug Abuse Test
– ប្រភេទទី៣៖ GPO Meth Cassette។ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចជ្រើសរើសប្រភេទណាមួយក្នុងចំណោមប្រភេទ ទាំង៣ខាងលើ សម្រាប់ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូត៕