សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចនៅពេលប្រឈមនឹងភាពមិនប្រាកដប្រជាសកល

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទី៥នៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន៤,៣% ក្នុងឆ្នាំ ២០២៣ និង៤,៩% ក្នុងឆ្នាំ ២០២៤ ដែលការណ៍នេះ គូសបញ្ជាក់ពីភាពខ្លាំង និងសមត្ថភាពសម្របខ្លួនរបស់តំបន់អាស៊ាន។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ សេដ្ឋកិច្ចអាស៊ាន ប្រើប្រាស់គំរូនៃកំណើនសម្រាប់ទាំងអស់គ្នា និងមានសក្តានុពលខ្ពស់ក្នុងការក្លាយទៅជាស្នូល នៃកំណើនសម្រាប់តំបន់អាស៊ានខ្លួនឯងផង និងតំបន់ផ្សេងទៀតជុំវិញសកលលោកផង ហើយសេដ្ឋកិច្ចអាស៊ានមានភាពរឹងមាំ ដោយសារអន្តរកម្មប្រកបដោយជវភាពនៃពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ ដែលបំពេញបន្ថែមដោយកិច្ចសហការជាយុទ្ធសាស្ត្រជាមួយដៃគូសន្ទនា។
សម្ដេចបន្ថែមថា៖ «កម្ពុជា គឺជាដៃគូដ៏រស់រវើក និងដ៏ទាក់ទាញ ក្នុងសហគមន៍អាស៊ាន។ ទីតាំងប្រកបដោយឧត្តមភាពរបស់កម្ពុជា ផ្តល់នូវការតភ្ជាប់ដោយរលូននៅទូទាំងតំបន់ និងបង្កើតឱ្យមានប្រព័ន្ធអេកូឡូស៊ីនៃកិច្ចសហការ ដែលផ្ដោតលើការផ្តល់ផលប្រយោជន៍ទៅវិញ-ទៅមក និងសុខុមាលភាពរួមក្នុងតំបន់»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ កម្ពុជាជឿជាក់យ៉ាងមុតមាំថា សហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលមានភាពរឹងមាំ, ភាពធន់ និងសមាហរណកម្ម អាចនាំមកនូវវិបុលភាពរួម សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងជំរុញការអនុវត្ត «យុទ្ធសាស្ត្រប្រទេស បូក» (Plus-One Strategy) តាមរយៈការទាក់ទាញការវិនិយោគ ជាពិសេសក្នុងឧស្សា- ហកម្មដែលប្រើបច្ចេកវិទ្យាមធ្យម ឱ្យមកសាងសង់រោងចក្រនៅកម្ពុជា ដើម្បីផ្គត់ផ្គង់គ្រឿងបន្លាស់ ឬផលិតផលពាក់កណ្តាលសម្រេច ទៅឱ្យរោងចក្រធំៗ នៅក្នុងប្រទេសជិតខាងក្នុងតំបន់អាស៊ាន។ កម្ពុជាបានអនុម័ត ច្បាប់ថ្មីស្តីពីការវិនិយោគ ដើម្បីផ្ដល់ជូនវិនិយោគិននូវសក្តានុពល និងឧត្តមភាពជាយុទ្ធសាស្ត្រ ដ៏គួរឱ្យទាក់ទាញ ជាមួយនឹងការលើកទឹកចិត្តជាច្រើន ដល់ គម្រោងវិនិយោគក្នុងវិស័យអាទិភាពសំខាន់ៗ។
រាជរដ្ឋាភិបាលកំពុងអនុវត្តការកែទម្រង់គ្រប់ជ្រុងជ្រោយ ប្រកបដោយមហិច្ឆតា ដើម្បីសម្រួលនីតិវិធី និងបង្កើនភាពទាក់ទាញនៃការវិនិយោគជារួម។ រាជរដ្ឋាភិបាលក៏បាន និងកំពុងជំរុញបរិយាកាសនៃកិច្ចសន្ទនាបើកចំហតាមរយៈការរៀបចំ វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ដើម្បីសហការយ៉ាងសកម្មជាមួយវិនិយោគិនជាតិ និងអន្តរជាតិ ក្នុងការដោះស្រាយបញ្ហាប្រឈម និងធានានូវភាពជោគជ័យនៃការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print