ភ្នំពេញ៖ យ៉ាងហោចណាស់មានមមុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុ និង២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ១ ភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។
លោកវរៈសេនីយ៍ទោឯក សារ៉ន អធិការរងនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅបានឲ្យដឹងថា មុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះ២នាក់ជិះម៉ូតូធុនសេ១០០កូរ៉េ ដឹកចេកក្នុងទិសដៅពីកៀនស្វាយទៅភ្នំពេញ ប៉ុន្តែបើកសសៀៗនៅខាងឆ្វេងដៃ ស្រាប់តែមកដល់ចំណុចកើតហេតុអ្នកបើកបរម៉ូតូបានបើកឆ្លងផ្លូវមកខាងស្តាំដៃវិញដោយមិនប្រយ័ត្ននោះឡើយ ។ ពេលបើកឆ្លងមកដល់កណ្តាលផ្លូវក៏ត្រូវយុវជន២នាកជិះម៉ូតូម៉ាកនិច ពាក់ស្លាកលេខភ្នំពេញ1CT-7343 បើកក្នុងល្បឿនលឿនបានបុកម៉ូតូសេ១០០កូរ៉េពេញទំហឹងបណ្តាលឲ្យអ្នកបើកម៉ូតូសេ១០០កូរ៉េ ស្លាប់ម្នាក់ របួសម្នាក់ ចំណែកអ្នកជិះម៉ូតូម៉ាកនិច ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ ។
លោកអធិការរងបន្តថា ករណីនេះបណ្តាលមកពីជនរងគ្រោះដែលជិះម៉ូតូសេ១០០កូរ៉េបើកឆ្លងផ្លូវមិនប្រយ័ត្ន ចំណែកអ្នកជិះម៉ូតូម៉ាកនិចមានផឹកគ្រឿងស្រវឹង ហើយបើកបរក្នុងល្បឿនលឿន ពោលគឺខុសទាំងសងខាង ។
ក្រោយកើតហេតុជនរងគ្រោះទាំងអស់មិនទាន់ស្គាល់អត្តសញ្ញាណឡើយ គ្រាន់តែដឹងថាជាអ្នករស់នៅក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។ ដោយឡែកមធ្យោបាយទាំង២គ្រឿងបញ្ជូនទៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ៖ សណ្តោស