ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន ប្រធានក្រុមការងារចុះជួយខណ្ឌដូនពេញ និងលោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនខណ្ឌដូនពេញ រួមនិងមន្រ្តីក្រុមការងារជាច្រើនទៀត បាននាំយកទៀនវស្សា គ្រឿងឧបភោគ បរិភោគ សំភារៈបរិក្ខា និង បច្ច័យមួយចំនួន ដែលជាអំណោយរបស់ ក្រុមការងារ និងអំណោយលោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ
លោក គួច ចំរើន បានមានប្រសាសន៍ថា តាមប្រពៃណីព្រះពុទ្ធសាសនានៅក្នុងពិធីបុណ្យចូលព្រះវស្សា ពុទ្ធបរិស័ទតែងតែនាំយកទៀនវស្សា គ្រឿងឧបភោគបរិភោគ និងសម្ភារៈបរិក្ខា ជាច្រើនទៀតទៅប្រគេនព្រះសង្ឃ នៅតាមបណ្តាលវត្តនានា ដើម្បីផ្គត់ផ្គង់ដល់ព្រះសង្ឃ ព្រោះនេះជារដូវវស្សាដែលជា រដូវមួយសំបូរទឹកភ្លៀង ដែលព្រះសង្ឃមានការលំបាកនិមន្តបិណ្ឌបាត្រ និងម៉្យាងទៀតរដូវនេះ ក៏ជាពេលវេលាមួយ ដែលព្រះសង្ឃគង់នៅក្នុងវត្ត ដើម្បីសិក្សារៀនសូត្រធម៌អាថ៌។
លោកបានបន្តទៀតថា នៅក្នុងរដូវចូលវស្សាលោកបណ្ឌិត ហង់ ជួនណារ៉ុន, រូបលោក និងក្រុមគ្រួសារ រួមនឹងមន្រ្តីក្នុងសាលាខណ្ឌ តែងតែបាននាំយកនៅទៀនវស្សាគ្រឿង ឧបភោគ បរិភោគ និងគ្រឿងសម្ភារៈបរិក្ខាមួយចំនួនទៅប្រគេនតាមបណ្តាលវត្តនានានៅក្នុងខណ្ឌមិនដែលខកខានឡើយ ដើម្បីរួមចំណែក សម្រាលការខ្វះខាតរបស់ព្រះសង្ឃក្នុងវត្ត។
សម្តេចព្រះសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះនាមព្រះសង្ឃ គណៈកម្មាធិការវត្ត និងពុទ្ធិបរិស័ទ ចំនុះជើងវត្តទាំង៧ មានបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមន្រ្តីក្រុមការងារចុះជួយខណ្ឌ លោកអភិបាលខណ្ឌ និងមន្តី្រសាលាខណ្ឌ ដែលបាននាំយកអំណោយមកផ្គត់ផ្គង់ដល់ព្រះសង្ឃនាពេលនេះ។ នេះគឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ព្រះសង្ឃសម្រាប់គង់ស្នាក់នៅនិងសិក្សារៀនសូត្រធម៌អាថ៌ក្នុងរដូវចូលព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា តាមពុទ្ធានុញ្ញាតិ ៕
ដោយ៖ ស ដារ៉ា