ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីឆបោកប្រាក់ ក្រោមរូបភាពកម្ចីអនឡាញ តាមបណ្តាញសង្គមហ្វេសប៊ុក និង តេឡេក្រាម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ: ជនសង្ស័យ ០១នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និង ឃាត់ខ្លួន ក្រោយពីជនសង្ស័យបានធ្វើសកម្មភាពទិញគណនីធនាគារ ដើម្បី ឆបោកប្រាក់ ក្រោមរូបភាពកម្ចីអនឡាញ  ។

លោកវរសេនីយ៍ទោ សោម សារុន នាយការិយាល័យនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយអនុវត្តន៍បទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី គង់ វិនឌី ស្នងការរងផែនការងារសន្តិសុខ និងការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និង យោងបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ត.  ដ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅក្រុងសិរីសោភ័ណ បានវេលុយអស់ប្រាក់ ចំនួន ១៤៦៥២ដុល្លារ ។ កម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០២៤ ចុះស្រាវជ្រាវនិងបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ ឈ្មោះ ឈឿង ឆិត្រា  ហៅ ត្រា ភេទ ប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់​ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

 តាមបណ្តឹងជនរងគ្រោះ ឈ្មោះ ត.ដ បានឲ្យដឹងថា ខ្លួនបានឃើញផេកហ្វេសបុកកម្ចីអនឡាញ ឈ្មោះហិរញ្ញវត្ថុឆ្លាតវៃ Smart Finance និងបានឆាតសួរនាំ រឿងកម្ចីប្រាក់។ បន្ទាប់មកគេបានសុំគណនីតេលេក្រាមជនរងគ្រោះដើម្បីទំនាក់ទំនង។ ជនរងគ្រោះក៏បានឲ្យទៅគេនិងបានឆាតទំនាក់ទំនងគ្នាតាមគណនីតេលេក្រាមរបស់ខ្លួននិងតេលេក្រាមជនសង្ស័យឈ្មោះហិរញ្ញវត្ថុឆ្លាតវៃ Smart Finance និងបានសួរនាំពីកម្ចីប្រាក់ ហើយខាងក្រុមហ៊ុនបានសួរនាំពីចំណូលរបស់ជនរងគ្រោះ  និងបានឲ្យថតរូបអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនិងបានឲ្យថតរូបងាកឆ្វេង ងាកស្តាំ និងបានប្រាប់ជនរងគ្រោះថាអាចខ្ចីបាន១៣០០០$ តែគេសុំ៣១០$មុនជាថ្លៃរៀបចំឯកសារ ។ជនរងគ្រោះក៏យល់ព្រម និងបានវេរប្រាក់តាមរយៈQR code ។ ក្រោយមកខាងក្រុមហ៊ុនបានប្រាប់មកជនរងគ្រោះ ថាខុសនេះខុសនោះ និងលោងលោមឲ្យជនរងគ្រោះវេរលុយទៅឲ្យគេ រហូតដល់១០លើក សរុបទឹកប្រាក់១៤៦៥២$ ក្រោយវេររួចទើបដឹងថាត្រូវចាញ់បោកគេ ។ 

បច្ចប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី  ៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print