សេនានុព័ន្ធថៃអញ្ជើញជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ ៖ លោកវរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ ប្រធានការិយាល័យសេនានុព័ន្ធ អមស្ថានទូតថៃប្រចាំកម្ពុជា នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំសហការីចូលជួបសម្ដែងការគួរសម និងជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅសណ្ឋាគារសាន់អេនម៉ូន រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក កនវរានន្ទ ក្លាន់ព្រំសុវណ្ណ បានសម្តែងនូវការអរគុណ និងជូនពរដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំក្នុងកងយោធពលខេមរភូមិន្ទ សូមមានសិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរក្នុងឆ្នាំថ្មី និងជួបពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណការិយាល័យសេនានុព័ន្ធថៃដែលបានឆ្លៀតឱកាសមកសម្ដែងការគួរសម និងជូនពរឆ្នាំថ្មីនាពេលនេះ ដែលបង្ហាញពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនាមប្រទេសភូមិផងរបងជាមួយគ្នា។

ឯកឧត្តមអគ្គមេបញ្ជាការ បានថ្លែងនូវជឿជាក់ថា ទៅថ្ងៃខាងមុខ កងទ័ពប្រទេសទាំងពីរនឹងបន្តសហការគ្នាថែមទៀត ទាំងលើការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរព័ត៌មាន រួមគ្នាទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការសង្គ្រោះគ្រោះមហន្តរាយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print