ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង១៨និង១២នាទីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រុំ សារីម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ទៀង អេងឡុង ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានបញ្ជាក់ថា ជនរងគ្រោះជាម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធ ហែលស៊ីវធ័រ១៨៦ ហេីយជនសង្ស័យមកធ្វើការបានរយៈពេល០៣ខែ បានសុំឱ្យជនរងគ្រោះបង់រំលោះម៉ូតូ១គ្រឿងម៉ាក អ៉ឹមស្លេស ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1U-3434 ក្នុងតម្លៃ ២,១០០ ដុល្លារ ចាប់តាំងពីបានម៉ូតូមកជនសង្ស័យ ជិះដើរលេងមិនដែលធ្វើការប្រហែល២ខែ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា ម៉ូតូដែលបង់រំលោះបានបាត់ហើយ តែជនរងគ្រោះមិនជឿ ដោយសារជនសង្ស័យប្រើប្រាស់គ្រឿងធាតុញៀន។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យ លួចដកលុយ ថ្លៃទឹកសុទ្ធដែលដឹកដាក់ឱ្យម៉ូយរៀងរាល់ថ្ងៃបន្ថែមទៀត។ ដោយសាទ្រាំទង្វេីរបស់ជនសង្ស័យមិនបានក៏នាំជនសង្ស័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណតែម្តង។
ក្រោយពីកម្លាំងជំនាញសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទង្វើរ របស់ដើមបណ្តឹងពិតប្រាកដមែន។ បន្ទាប់ពីបានស្តាប់ចម្លើយរបស់ជនសង្ស័យរួច កម្លាំងក៏បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនផងដែរ ហើយបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា