ជនសង្ស័យគ្រឿងញៀនម្នាក់ត្រូវកម្លាំងអាវុធហត្ថបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៧ ខែមេសា​ ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី​៕
សមត្ថកិច្ចប្រាប់ថា នៅវេលាម៉ោង១៨​និង១២នាទីថ្ងៃទី០៥​ ខែមេសា ឆ្នាំ២០២៤​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ​ រុំ សារីម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិដីឡូតិ៍ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។ ករណីនេះធ្វើឡើងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ ទៀង អេងឡុង ភេទប្រុស អាយុ៥៥ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានបញ្ជាក់ថា​ ជនរងគ្រោះជាម្ចាស់សិប្បកម្មផលិតទឹកបរិសុទ្ធ ហែលស៊ីវធ័រ១៨៦ ហេីយជនសង្ស័យមកធ្វើការបានរយៈពេល០៣ខែ បានសុំឱ្យជនរងគ្រោះបង់រំលោះម៉ូតូ១គ្រឿងម៉ាក​ អ៉ឹមស្លេស ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1U-3434 ក្នុងតម្លៃ ២,១០០​ ដុល្លារ ចាប់តាំងពីបានម៉ូតូមកជនសង្ស័យ​ ជិះដើរលេងមិនដែលធ្វើការប្រហែល២ខែ ជនសង្ស័យបានប្រាប់ជនរងគ្រោះថា​ ម៉ូតូដែលបង់រំលោះបានបាត់ហើយ​ តែជនរងគ្រោះមិនជឿ​ ដោយសារជនសង្ស័យប្រើប្រាស់គ្រឿងធាតុញៀន។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យ​ លួចដកលុយ​ ថ្លៃទឹកសុទ្ធដែលដឹកដាក់ឱ្យម៉ូយរៀងរាល់ថ្ងៃបន្ថែមទៀត។ ដោយសាទ្រាំទង្វេីរបស់ជនសង្ស័យមិនបានក៏នាំជនសង្ស័យ មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណតែម្តង។
ក្រោយពីកម្លាំងជំនាញសួរនាំ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តទង្វើរ របស់ដើមបណ្តឹងពិតប្រាកដមែន​។ បន្ទាប់ពីបានស្តាប់ចម្លើយរបស់ជនសង្ស័យ​រួច កម្លាំងក៏បានធ្វើតេស្តទឹកនោម រកឃើញមានសារធាតុញៀនផងដែរ ហើយបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្ត​ចាត់ការបន្តតាមនីតិវិធី​។ លោកវរសេនីយ៍ឯក ម៉ែន​ ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ​ និងបង្ក្រាបបទល្មេីស​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី​៕វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print