រថយន្ត​ Ford Ranger XLT​ បុកសួនទ្រូងផ្លូវ​ជាតិលេខ៦​ និងរង្វង់មូលព្រហ្មមុខបួន​ ខូចខាតយ៉ាងដំណំ​ និងបន្តបេីករត់ត្រូវសមត្ថកិច្ចឃាត់

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បាន​បេីករថយន្ត​ម៉ាក Ford Ranger XLT មួយគ្រឿងយ៉ាងលឿន​ហេីយមិនប្រយ័ត្ន​ ខណៈដល់ផ្លូវកោងក៏បុកឡេីងសួនច្បារពុះចែកទ្រូងផ្លូវ​ និងហោះទៅបុកឡេីងសួនរង្វង់មូលព្រហ្មមុខបួន​ថែមទៀតរងការខូចខាតយ៉ាងដំណំ​ រួចបេីករត់តែត្រូវសមត្ថកិច្ចឃាត់ជាប់​ កាលពីវេលា​ម៉ោង​២​ និង៥០នាទីរំលងអាធ្រាត្រ​ឈានចូល​​ ថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ​២០២៤​ ស្ថិតនៅ​តាមបណ្ដោយផ្លូវ​ជាតិ​លេខ​៦A សង្កាត់​ជ្រោយចង្វារ​​ ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនកេីតហេតុ​ គេឃេីញរថយន្ត​បង្កម៉ាក​ Ford Ranger XLT​ ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ​ 2BT-3931 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៦​ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនយ៉ាងលឿន​ ។ លុះមកដល់ចំណុចកេីតហេតុផ្លូវរាងកោង​បន្តិច​ ឯអ្នកបេីកបរក៏មិនបង្អន់ល្បឿនជ្រុលបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦​ បណ្ដាលឲ្យបាក់បង្គោលបង្ហាញចរាចរណ៍មួយដេីម​ និងហោះទៅបុកបង្គោលភ្លេីង​ឡេីងរង្វង់មូលព្រហ្មមុខបួនបន្ថែមទៀតរងការខូចខាត​ ។ ភ្លាមៗអ្នកបេីករថយន្តបង្កមិនឈប់ទទួលខុសត្រូវនៅកន្លែងកេីតហេតុនោះទេ​ ដោយបេីកត្រឡប់មកក្រោយវិញរហូតដល់ម្ដុំវត្តកៀនឃ្លាំង​ ក៏ត្រូវបានសមត្ថកិច្ចឃាត់បានទាំងតៃកុង​ និងអ្នកបេីកបរ​ ។
​ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ​ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡេីយ​ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ចុះធ្វេីការវាស់វែងយករថយន្តបង្ក​ទៅរក្សាទុកដេីម្បីរងចាំដោះស្រាយតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print