ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក Ford Ranger XLT មួយគ្រឿងយ៉ាងលឿនហេីយមិនប្រយ័ត្ន ខណៈដល់ផ្លូវកោងក៏បុកឡេីងសួនច្បារពុះចែកទ្រូងផ្លូវ និងហោះទៅបុកឡេីងសួនរង្វង់មូលព្រហ្មមុខបួនថែមទៀតរងការខូចខាតយ៉ាងដំណំ រួចបេីករត់តែត្រូវសមត្ថកិច្ចឃាត់ជាប់ កាលពីវេលាម៉ោង២ និង៥០នាទីរំលងអាធ្រាត្រឈានចូល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦A សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា មុនកេីតហេតុ គេឃេីញរថយន្តបង្កម៉ាក Ford Ranger XLT ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BT-3931 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនយ៉ាងលឿន ។ លុះមកដល់ចំណុចកេីតហេតុផ្លូវរាងកោងបន្តិច ឯអ្នកបេីកបរក៏មិនបង្អន់ល្បឿនជ្រុលបុកឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៦ បណ្ដាលឲ្យបាក់បង្គោលបង្ហាញចរាចរណ៍មួយដេីម និងហោះទៅបុកបង្គោលភ្លេីងឡេីងរង្វង់មូលព្រហ្មមុខបួនបន្ថែមទៀតរងការខូចខាត ។ ភ្លាមៗអ្នកបេីករថយន្តបង្កមិនឈប់ទទួលខុសត្រូវនៅកន្លែងកេីតហេតុនោះទេ ដោយបេីកត្រឡប់មកក្រោយវិញរហូតដល់ម្ដុំវត្តកៀនឃ្លាំង ក៏ត្រូវបានសមត្ថកិច្ចឃាត់បានទាំងតៃកុង និងអ្នកបេីកបរ ។
ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សណាម្នាក់នោះឡេីយ ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកដេីម្បីរងចាំដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ