ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកេីតឡេីង បន្ទាប់ពីជនជាតិចិនមួយក្រុមនាំគ្នារត់ចេញពីក្នុងសណ្ឋាគារយីហោ” ឌីសេន ផាលេស DECENT PALACE KTV” ហេីយត្រូវបានក្រុមសន្តិសុខយាមកាមនៅទីតាំងនេះឃាត់ខ្លួនបានខ្លះ និងខ្លះទៀតបានរត់គេចខ្លួនបាន ក្រោយជនជាតិចិនមួយក្រុមនោះមានគ្នាច្រេីននាក់ បាននាំគ្នាចូលផឹកស៊ី និងច្រៀងកម្សាន្តយ៉ាងសប្បាយ ដល់ពេលស្រវឹងជោគជាំបែរជាកេីតជម្លោះ រួចក៏ចេញមកឈ្លោះប្រកែកគ្នានៅខាងក្រៅទៀត ភ្លាមនោះបុរសជនជាតិចិនម្នាក់ រត់ទៅយកកាំបិតមកដេញកាប់គ្នាឯង រត់ចែកជេីងគ្នាតែម្តង។
ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលេីនេះ បានបញ្ជាក់ថា ករណីនេះ បានកេីតឡេីងនៅវេលាម៉ោងជិត២រំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ស្ថិតនៅចំណុចលេីផ្លូវលេខ៦៣(វិថីត្រសក់ផ្អែម) សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុ គេឃេីញមានបុរសជនជាតិចិនមួយក្រុមមានគ្នាច្រេីននាក់ បាននាំគ្នាចូលផឹកស៊ី និងច្រៀងកម្សាន្តសប្បាយ នៅក្នុងសណ្ឋាគារ ឌីសេន ផាលេស DECENT PALACE KTV ស្រាប់តែមួយសន្ទុះក្រោយមកពេលផឹកស្រវឹងរៀងខ្លួន បែរជាកេីតជម្លោះគ្នា រួចក៏ចេញមកខាងក្រៅឈ្លោះប្រកែកគ្នាដោយស្រែកខ្លាំង ភ្លាមនោះគេឃើញបុរសម្នាក់ បានរត់ទៅយកកាំបិត មកដេញកាប់គ្នាឯង រត់ចែកជេីងគ្នាពេញមុខហាង បង្កការភ្ញាក់ផ្អើលយ៉ាង។
ភ្លាមៗក្រុមសន្តិសុខដែលយាមប្រចាំការនៅហាងខាងលេីនេះ ប្រមាណជា៤នាក់ បាននាំគ្នាជួយឃាត់កុំឱ្យកេីតមានហិង្សា និងឃាត់ក្រុមបុរសជនជាតិចិនទាំងនោះ មិនទាន់ឱ្យចេញពីកន្លែងកេីតហេតុឡេីយ ព្រោះពួកគេមិនទាន់គិតលុយថ្លៃផឹកស៉ីនៅក្នុងហាងនៅឡេីយ។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយក្រុមសន្តិសុខយាមកាមនៅទៅនោះ ក៏បាននិយាយស្រួលគ្នាឱ្យក្រុមជនជាតិចិនទាំងនោះ គិតលុយថ្លៃផឹកស៊ីរួច ក៏ណែនាំឱ្យត្រលប់ទៅកន្លែងស្នាក់នៅវិញផងដែរ ព្រោះមិនមានបង្ករបួសស្នាមនោះទេ៕