ភ្នំពេញៈ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ប៊ែលធី គ្រុប បានប្រារព្ធពិធីអបអរសារទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ និងពិសាអាហារសាមគ្គីរបស់គ្រួសារប៊ែលធី គ្រុប ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងលោកគ្រូ-អ្នកគ្រូ សរុប ៣,៨១២នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលភ្នំពេញ ស្ថាបនិកនិងជាអគ្គនាយក ប៊ែលធី គ្រុប និង លោកជំទាវ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិទី២ (ស្ពានអាកាសចោមចៅ)។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង លោកគ្រូ-អ្នកគ្រូគ្រប់ផ្នែកទាំងអស់នៃប៊ែលធី គ្រុប ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងចិត្ត កម្លាំងកាយ ក្នុងការបំពេញតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនរយៈពេលពេញ១ឆ្នាំ ទាំងផ្នែកប៊ែលធីសំណង់ ប៊ែលធីទេសចរណ៍ និងប៊ែលធីអប់រំ ដែលធ្វើឱ្យប៊ែលធី គ្រុប មានការរីកចម្រើនជាបន្តបន្ទាប់ចាប់តាំងពីប៊ែលធីមានតែ១ទីតាំង រហូតដល់បច្ចុប្បន្នមាន៣២ទីតាំង ក្នុងនោះ៖
១-សាលា ប៊ែលធី អន្តរជាតិ មាន ៣០ទីតាំង (២៧សាខាកំពុងដំណើរការ និង ៣សាខាកំពុងសាងសង់) មានសិស្សកំពុងសិក្សាចំនួន ៦០,៥៥៩នាក់ មានកម្មវិធីសិក្សា ៥ធំៗ គឺ៖ ១-ចំណេះទូទៅ, ២-ភាសាអង់គ្លេសទូទៅ (ESL Program), ៣-កម្មវិធីភាសាចិនទូទៅ, ៤-កម្មវិធីអភិវឌ្ឍបញ្ញា IMA និង ៥-ថ្នាក់ត្រៀមប្រឡងតេស្តអន្តរជាតិ។
២-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ មាន ២ទីតាំង៖
– ទីតាំងទី១ ទួលស្លែង៖ អគារ២១ ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ខាងត្បូងសារមន្ទីរទួលស្លែង ១០០ម៉ែត្រ)
– ទីតាំងទី២ ស្ពានអាកាសចោមចៅ៖ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ទល់មុខង-៧០)
មានកម្មវិធីសិក្សាជាភាសាជាតិ និងអន្តរជាតិ និងមានកម្រិតសិក្សា៥ធំៗ៖ ១-ថ្នាក់បំប៉នភាសាអង់គ្លេសនិងកុំព្យូទ័រ, ២-បរិញ្ញាបត្ររង, ៣-បរិញ្ញាបត្រ, ៤-បរិញ្ញាបត្រជាន់ខ្ពស់ និង ៥-ថ្នាក់បណ្ឌិត និងមាន ១២មហាវិទ្យាល័យ ៤២ជំនាញ។
តាងនាមថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស-និស្សិតនៃប៊ែលធី គ្រុបទាំងអស់ ឯកឧត្តមបណ្ឌិត បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ដែលតែងតែគាំទ្រ និងបានផ្តល់ឱកាសយ៉ាងពេញលេញដល់វិស័យអប់រំផ្នែកឯកជន បានចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាល។ ជាពិសេស រាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តកំណត់យក “មនុស្ស” ជាអាទិភាពទី១ ក្នុងចំណោម អាទិភាពគន្ធឹះចំនួន ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត និងលោកជំទាវ បានជូនពរដល់បុគ្គលិកទាំងអស់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់ខាងមុននេះ ព្រមទាំងបានអញ្ជើញចូលរួមរាំលេងកម្សាន្ត និងចាប់ឆ្នោតផ្សងសំណាង ជូនបុគ្គលិកទាំងអស់ផងដែរ៕