ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនថា ផ្លាកលេខខាងលើមិនទាន់មានចុះបញ្ជីជាមួយក្រសួងនោះទេ។
សូមសមត្ថកិច្ចជំនាញពិនិត្យដើម្បី ចាត់វិធានការតាមផ្លូវច្បាប់។
សូមអរគុណ ។ នេះជាការលើកឡើង របស់លោក ផន រឹម អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សេចក្តីជូនដំណឹង ស្តីពី ការប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះ
កន្លងមកអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសង្កេតឃើញថា យានជំនិះមួយចំនួនបាន បំពាក់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដោយបានច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យបាត់ លក្ខណៈសម្គាល់ ជាពិសេសបានច្នៃប្រឌិតថ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់ លើយានជំនិះរបស់ខ្លួន ផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលផ្លាកលេខសម្គាល់យានជំនិះ ទាំងអស់ត្រូវចេញហើយក្រសួងសាធារណការ និងដឹកជញ្ជូន លើកលែងតែផ្លាកលេខនគរបាល និង ផ្លាកលេខខែមរភូមិន្ទ ដែលត្រូវចេញដោយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។ ដូចនេះ ដើម្បី រួមចំណែកក្នុងការទប់ស្កាត់ភាពមិនប្រក្រតីនៃយានជំនិះ ក៏ដូចជាដើម្បីថែរក្សាស្ថិរភាព សុវត្ថិភាព និង សន្តិសុខសង្គម អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមណែនាំដូចខាងក្រោម៖
១.គ្រប់យានជំនិះ មុនធ្វើចរាចរណ៏តាមដងផ្លូវ ត្រូវធ្វើការចុះបញ្ជីដើម្បីទទួលបានបណ្ណសម្គាល់
និងផ្លាកលេខឱ្យបានត្រឹមត្រូវតាមនីតិវិធី ២.ផ្លាកលេខសម្គាល់យានជំនិះ ត្រូវប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមយានជំនិះដែលបានចុះបញ្ជី ៣. ហាមយកផ្លាកលេខសម្គាល់យានជំនិះដែលបានចុះបញ្ជីត្រឹមត្រូវ ទៅបំពាក់លើយានជំនិះ ផ្សេងដែលនាំចូលមិនស្របច្បាប់
៤.ហាមប្រើប្រាស់ផ្លាកលេខដែលច្នៃប្រឌិត ឬតុបតែងបន្ថែមដែលផ្ទុយពីផ្លាកលេខចេញដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន
៥. ហាមផ្ទុកសម្ភារ និងដាក់វត្ថុផ្សេងៗដែលធ្វើឱ្យបាំងផ្លាកលេខ
៦.នៅពេលយានជំនិះខូចប្រើប្រាស់លែងកើត ម្ចាស់យានជំនិះត្រូវបំពេញកាតព្វកិច្ចលុបចេញ ពីបញ្ជីយានជំនិះ ដោយនាំយកមកនូវបណ្ណសម្គាល់ និងផ្លាកលេខសម្គាល់យានជំនិះ ទៅ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ឬទីតាំងផ្តល់សេវាសាធារណៈដែលកំណត់ដោយក្រសួង សាធារណការ និងដឹកជញ្ជូន។
អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការ តឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលបានប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះខុសពីនីតិវិធី ដូចបានជម្រាបជូនខាងលើ ក្រោយពីការចេញសេចក្តីជូនដំណឹង។
សូមម្ចាស់កម្មសិទ្ធិយានជំនិះគ្រប់ប្រភេទ ចូលរួមអនុវត្តខ្លឹមសារនៃសេចក្តីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ ៖ សិលា