ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានរងរបួសរលាកភ្លើង ខណៈផ្ទះសង់អំពីឈើ១ខ្នងរបស់គាត់ត្រូវបានឆេះអស់ទាំងស្រុង ដោយសារតែគាត់យកប្រេងសាំងទៅដាក់ក្បែរចង្ក្រានដាំស្លរ ហើយក៏រាលដាលបណ្ដាលឲ្យឆេះផ្ទះម៉ត់តែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចរំលេចដើមត្រាងស្ថិតក្នុងភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ ម៉ោញ កត្តាផល នាយស្នក់ការការិយាល័យទី២កងទ័ពជើងគោកប្រចាំខេត្តពោធិ៍សាត់បានឲ្យដឹងថា ផ្ទះត្រូវបានភ្លើងឆាបឆេះទាំងស្រុងនោះ ជាផ្ទះសង់អំពីឈើទំហំ៤ម៉ែត្រគុណនិង៥ម៉ែត្រ ដំបូលប្រក់ស្បូវ ជញ្ជាំងបាំងក្តា រនាបក្រាលក្តា។
លោកបន្តថា ក្នុងគ្រោះអគ្គិភ័យនេះដែរបណ្ដាលឲ្យប្រពន្ធម្ចាស់ផ្ទះម្នាក់រលាកភ្លើងរងរបួសស្រាល ហើយខូចខាតសម្ភារមួយចំនួនរួមមានអង្ករចំនួន ១បាវ ទម្ងន់៥០គីឡូក្រាម ប្រាក់រៀលចំនួន ៣០ម៉ឺនរៀល អត្តសញ្ញាណបណ្ណគំរូថ្មីចំនួន៣សន្លឹក។
លោកបន្តទៀតថា មូលហេតុការឆេះនេះបណ្ដាលមកពីការធ្វេសប្រហែសដោយយកប្រេងសាំងមកដាក់ចង្ក្រាន ហើយត្រូវបានគេសង្ស័យថា គាត់ច្រឡំចាក់ប្រេងសាំងនេះយកមកបង្កាត់ភ្លើងដាំស្លរ ក៏ឆាបឆេះផ្ទះម៉ត់សល់តែផេះ និងរបួសរលៀកភ្លើងតែម្តង ប៉ុន្តែបញ្ហានេះអាជ្ញាធរខេត្ត ស្រុក ឃុំ និងចុះជួយឧប្បត្តមដល់គ្រួសារពួកគាត់ឆាប់ៗនេះ។៕
ដោយ៖ ប៉ឹម ពិន