យោងទៅតាមប្រភពព័ត៌មានរបស់ BBC ឲ្យដឹងថា លោក Sam Allardyce នឹង លាលែងចេញពីក្រុមឆ្មាខ្មៅ Sunderland នៅក្របខ័ណ្ឌអង់គ្លេស Premier league ដើម្បីមកកាន់តំណែងជាគ្រូបង្វឹក ក្រុមជម្រើសជាតិអង់គ្លេសវិញ ។
គ្រូបង្វឹកវ័យ៦១ឆ្នាំនេះនឹងមកជំនួស តំណែងរបស់លោក Roy Hodgson ដែល បានលាលែងពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសក្រោយក្រុមអង់គ្លេសប្រកួតចាញ់ក្រុមជម្រើសជាតិអុីស្លង់ដោយលទ្ធផល ២-១ នៅក្នុងកម្មវិធីយូរ៉ូឆ្នាំ២០១៦ វគ្គ១៦ក្រុមចុងក្រោយ ក្នុងប្រទេសបារំាង។
លោក Sam Allardyce ត្រូវបានសហ ព័ន្ធបាល់ទាត់ប្រទេសអង់គ្លេសជ្រើសរើសជាគ្រូបង្វឹកបន្ទាប់ ប៉ុន្តែបញ្ហាដែលត្រូវ ដោះស្រាយនោះ គឺផ្តល់សំណងទៅឲ្យក្រុម Sunderland ដោយគាត់នៅសល់កុងត្រា រយៈពេល១ឆ្នាំជាមួយនឹងក្រុមនេះ ។
នៅពេលជាមួយគ្នានេះលោក Antonio Conte គ្រូបង្វឹកថ្មីរបស់ក្រុមតោខៀវនិងជាអតីតគ្រូបង្វឹក ក្រុមជម្រើសជាតិអុីតាលី បានជូនពរដល់លោក Sam Allardyce ឲ្យ ទទួលបានជោគជ័យនៅក្នុងក្រុមជម្រើសជាតិអង់គ្លេស។ គាត់បាននិយាយនៅក្នុងគេហទំព័រផ្លូវការបស់ក្រុម Chelsea ថា “ខ្ញុំស្គាល់គាត់(Sam Allardyce)ដោយបានទៅលេងគាត់នៅទីលានហ្វឹកហាត់របស់ក្រុម West Ham កាលពីរឆ្នាំមុន។ ខ្ញុំអាច និយាយបានថា បទពិសោធន៍វាពិតជា អស្ចារ្យសម្រាប់គាត់ដែលតំណាងឲ្យប្រទេស របស់គាត់ ខ្ញុំពិតជារីករាយប្រសិនបើគាត់ក្លាយទៅជាគ្រូបង្វឹករបស់ក្រុមជម្រើស ជាតិអង់គ្លេសមែន”។
ក្នុងនាមជាគ្រូបង្វឹក លោកSam Allardyceពុំធ្លាប់បានដឹកនាំក្រុមឈ្នះជើងឯកធំៗម្តងណាឡើយ ។ ប៉ុន្តែគាត់ធ្លាប់បានជួយក្រុម Bolton និង West Ham ឲ្យឡើងមកកាន់ ក្របខណ្ឌ័កំពូលរបស់អង់គ្លេសហើយដឹកនាំក្រុម Notts County ឈ្នះជើងឯកក្រប ខ័ណ្ឌអង់គ្លេស Division Three ឆ្នាំ១៩៩៨ ៕
ដោយ៖ ដេវីត