សង្គ្រាមស៊ីវិល អំពើហិង្សា បានធ្វើឲ្យពលរដ្ឋរាប់លាននាក់ត្រូវភៀសខ្លួនទៅកាន់តំបន់សុវត្ថិភាព ហើយកុមារក៏កា្លយជាជនរង្គ្រោះដោយត្រូវភៀសខ្លួនតាមឪពុកម្តាយ ជាហេតុធ្វើឲ្យបាត់បង់ឱកាសក្នុងការសិក្សា។
តាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការយ៉ូនីស្កូ ស្តីពីស្ថាភាពកុមារបានឲ្យដឹងថា មានកុមារជាង ២៦០លាននាក់នៅទូទាំងពិភពលោកមិនបានទៅសាលារៀនទេ ក្នុងនោះមាន ១ភាគ៤ ថែមទាំងមិនបានចូលរៀននៅសាលាបឋមសិក្សាផង។
ក្រៅពីតំបន់អាហ្រ្វិកសាហារ៉ា ដែលកុមារមិនចូលសាលាមានអត្រាខ្ពស់ អាស៊ីខាងត្បូងបាននឹងកំពុងក្លាយជាតំបន់មួយដែលមានចំនួនកុមារកាន់តែច្រើនឡើងៗមិនអាច ឬក៏គ្មានលទ្ធភាពទៅសាលាទេ។ នៅក្នុងចំនួនកុមារទាំងជាង ២៦០លាននាក់ក្នុងលោកដែលមិនបានចូលសាលារៀន មាន១ភាគ៣រស់ក្នុងតំបន់អាស៊ីខាងត្បូង ហើយគឺនៅក្នុងតំបន់នេះដដែលដែលមានយុវជនយ៉ាងតិចពាក់កណ្តាលមិនបានទៅរៀនសូត្រនៅសាលាទេ នេះបើផ្អែកតាមរបាយការណ៍របស់អង្គការ Unesco ។
ប្រទេសក្នុងតំបន់អាស៊ីខាងត្បូងដែលមានអត្រាកុមារមិនបានចូលសាលាច្រើនជាងគេ គឺឥណ្ឌា ប៉ាគីស្ថាន និងប្រទេសបង់ក្លាដែស។ ឥណ្ឌាត្រូវបានអង្គការ Unesco ចាត់ចំណាត់ថ្នាក់ជាប្រទេសដែលមានយុវជនរហូតដល់ទៅ ៤៧លាននាក់មិនបានចូលសាលារៀន ពោលមានយុវជនម្នាក់ក្នុងចំណោម ២នាក់។
លក្ខណៈពិសេសមួយទៀតនៅក្នុងតំបន់អាស៊ីខាងត្បូងស្តីពីការអប់រំគឺគំលាតខ្លាំងនៃអត្រាអ្នកអាចចូលសាលាដោយគិតតាមភេទ មានន័យថា ភេទប្រុសមានសំណាងជាងភេទស្រីដើម្បីចូលសាលា។ កុមារ៉ានៅអាស៊ីខាងត្បូងមានសំណាង ៣ដងច្រើនជាងកុមារី។ គិតសរុបមានក្មេងស្រីក្រោមអាយុ ១១ឆ្នាំប្រមាណជា ៥លាននាក់រស់ក្នុងតំបន់អាស៊ីខាងត្បូងមិនបានចូលសាលរៀនទេ។ ជាទូទៅឱពុកម្តាយ និងក្រុមគ្រួសារតែងតែគិតថា ការបញ្ជូនកូនស្រីទៅសាលាជារឿងឥតប្រយោជន៍ ព្រោះទុកកូនស្រីឲ្យជួយធ្វើកិច្ចការផ្ទះគ្រាន់បើជាងកូនប្រុសឆ្ងាយណាស់។
តែគំនិតនេះមិនត្រូវបានអង្គការ Unesco យល់ស្របតាមទេ និងថា កុមារគ្រប់រូបទោះបីមានភេទប្រុស ឬស្រី និងរស់នៅទីកន្លែងណាក៏ដោយក្នុងលោកត្រូវតែចូលសាលារៀនដោយមិនអាចខានបាន។ អង្គការ Unesco បានប្រមើលមើលថា ដើម្បីអនុញ្ញាតឲ្យយុវជនក្នុងលោកអាចចូលរៀននៅអនុវិទ្យាល័យបាន ពិភពលោកត្រូវការប្រាក់ចំនួន ៣៩.០០០លានដុល្លារក្នុងមួយឆ្នាំចាប់ពីពេលនេះទៅដល់ឆ្នាំ២០៣០ ដើម្បីធ្វើការអភិវឌ្ឍន៍វិស័យអប់រំ៕
ប្រែសម្រួល៖ ម៉ែវ សាធី