ខេត្តសៀមរាប ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «អគារមណ្ឌលផ្តល់សេវាផ្នែកវះកាត់» នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃសៅរ៍ទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ទាំងថវិកានិងបច្ចេកទេសក្នុងការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីខ្ទេចខ្ទាំដោយសង្រ្គាមជាង២ទសវត្សរ៍ ជាពិសេសក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ កន្លងមកប្រទេសជប៉ុន ក៏បានចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអភិវឌ្ឍធនធានមនុស្ស សុខាភិបាល និងការបំពាក់ឧបករណ៍វិទ្យាសាស្រ្តទំនើបៗនិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន នៅតាមមូលដ្ឋានសុខាភិបាលសំខាន់ៗជាច្រើនដូចជា៖ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេងនិងហង់ហ្សិន មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក មន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ហើយនៅពេលនេះគឺមន្ទីរពេទ្យបង្អែកខេត្តសៀមរាបនេះតែម្ដង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា«គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ត្រូវរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដោយប្រកាន់ខ្ជាប់គ្រប់ពេលវេលានូវក្រមសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋដោយភាពស្មោះត្រង់, សុចរិតភាព និង ប្រកបដោយសមធម៌ ជាពិសេសត្រូវធានាថា គ្មានអ្នក- ជំងឺ ណាម្នាក់ត្រូវបានរើសអើង និង បដិសេធការទទួលបានសេវាថែទាំព្យាបាល ដោយសារស្ថានភាពសង្គម-សេដ្ឋកិច្ចរបស់បុគ្គល ឬគ្រួសារ, ទំនៀមទម្លាប់, សាសនា និន្នាការ នយោបាយឡេីយ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តខិតខំប្រឹងប្រែងលើកកម្ពស់ គុណ ភាព ប្រសិទ្ធភាព និងសុវត្ថិភាពនៃសេវាថែទាំ សុខភាព សំដៅបង្កើនអត្ថ ប្រយោជន៍ សុខ ភាពរបស់អ្នកជំងឺ តាមរយៈការផ្តល់សេវាថែទាំសុខភាព គ្រប់ជ្រុងជ្រោយ រួមមាន សេវាអប់រំលើកកម្ពស់សុខភាព, សេវាបង្ការ, សេវាវិភាគរោគវិនិច្ឆ័យ, ព្យាបាល និង ថែទាំ, ការតាមដានវាយតម្លៃគុណភាព សេវា ដោយរាប់បញ្ចូលទាំងអភិបាលកិច្ច គ្លីនិក និង ការដាក់ចេញនូវវិធានការកែលម្អគុណភាពសេវាជាប្រចាំ, ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល ប្រកបដោយនវានុវត្តន៍ និង ការបំពាក់បំប៉នចំណេះដឹង និងជំនាញដល់គ្រូពេទ្យ, បុគ្គលិកសុខាភិបាល ដើម្បីបង្កើនគុណភាពសេវាឲ្យដល់ស្ដង់ដារខ្ពស់ ដែលឆ្លើយតបទៅនឹងការរំពឹងទុករបស់ប្រជាពលរដ្ឋ ៕