សារព័ត៌មាន AFP នៅថ្ងៃទី២០ ខែមេសា បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា NATO ត្រូវតែធ្វើការជ្រើសរើសថាតើខ្លួនគឺជាសម្ព័ន្ធមិត្តពិតប្រាកដរបស់អ៊ុយក្រែនដែរឬក៏យ៉ាងណា ខណៈទទូចថាអ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាស Patriot ផលិតដោយសហរដ្ឋអាមេរិកយ៉ាងតិច៧គ្រឿងបន្ថែមទៀតដើម្បីទប់ទល់នឹងការវាយប្រហារតាមផ្លូវអាកាសពីរុស្ស៉ី។
ការកត់សម្គាល់បែបនេះរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសជាសមាជិក NATO កាលពីថ្ងៃសុក្រ ទី១៩ ខែមេសា។ តាមលោក ហ្សេលេនស្គី អ៊ុយក្រែនមិនអាចការពារខ្លួនឯងបានឡើយ ប្រសិនបើគ្មានជំនួយយោធាពីលោកខាងលិចទេនោះ ហើយបច្ចុប្បន្នគឺជាពេលដែល NATO ត្រូវតែធ្វើការជ្រើសរើសថាតើខ្លួនគឺជាសម្ព័ន្ធមិត្តពិតប្រាកដរបស់អ៊ុយក្រែនដែរឬអត់? ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានគូសបញ្ជាក់ដូច្នេះថា «ដែនអាកាសរបស់យើងត្រូវតែមានសុវត្ថិភាពម្ដងទៀត។ វាអាស្រ័យទាំងស្រុងលើជម្រើសរបស់អ្នក នោះគឺជម្រើសថាតើជីវិតទាំងអស់មានតម្លៃស្មើៗគ្នាដែរទេ? ជម្រើសថា តើអ្នកមានជំហរយុត្តិធម៌ចំពោះដៃគូទាំងអស់របស់ខ្លួនដែរឬទេ? ជម្រើសថាតើយើងគឺជាសម្ព័ន្ធមិត្តនឹងគ្នាដែរឬទេ?»។
នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋសភាអាមេរិកគ្រោងនឹងធ្វើការបោះឆ្នោតមួយលើកញ្ចប់ជំនួយយោធាថ្មីទំហំ ៦១ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលត្រូវបានពន្យារពេលជាច្រើនខែមកហើយ ដោយសារតែការជំទាស់ពីសមាជិករដ្ឋសភាអាមេរិកមួយចំនួនមកពីគណបក្សសាធារណរដ្ឋដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ដូណាល់ ត្រាំ៕ ដោយធីរីណា
រូបថត: CAO