ភ្នំពេញ ៖ ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលគ្រោងដំណើរការប្រកួតរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងអប់រំយុវជន និងកីឡា នឹងធ្វើការពិនិត្យយ៉ាងជាក់លាក់ទៅលើសមាសភាពកីឡាករកីឡាការិនីជានិស្សិតដែលចូលរួមប្រកួតមកពីបណ្តាសកលវិទ្យាល័យនិងគ្រឹះស្ថានឧត្តមសិក្សា ។ នេះបេីតាមការបញ្ចាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា កាលពីថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៤ នៅក្នុងសាលប្រជុំ នៃមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។
រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា គ្រប់សមាសភាពនិស្សិតចូលរួមក្នុងការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះ ក្រសួងនឹងពិនិត្យលម្អិតឲ្យបានជាក់លាក់អំពីសមាសភាពនិស្សិត បើគ្មានអត្តសញ្ញាណច្បាស់លាស់បញ្ជាក់ថានិស្សិតកំពុងសិក្សានៅសកលវិទ្យាល័យនោះទេ គឺមិនអនុញ្ញាតឲ្យចូលរួមការប្រកួតតំណាងសកលវិទ្យាល័យឡើយ។ ទាំងអស់នេះជាការលប់បំបាត់ធ្វើឲ្យមានសមភាពក្នុងការលេងកីឡាដោយមានតម្លាភាពស្នើរគ្នា។
ឯកឧត្តមរដ្ឋលេខាធិការ បានពន្យល់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ដែលបង្កើតឡើងដោយក្រសួងអប់រំយុវជននិងកីឡានេះ មានគោលបំណងបំផុសចលនាឲ្យនិស្សិតចូលរួមលេងកីឡាឲ្យបានមួយមុខឬច្រើនមុខប្រចាំជីវិតរបស់ពួកគេ ដើម្បីគុណភាពជីវិត ជាពិសេស គឺមិត្តភាព សាមគ្គីភាព និងសុខភាព ។
ជាមួយគ្នានេះដែរ ការប្រកួតនេះ វាក៏ជាការចំរាញ់ស្វែងរកកីឡាករកីឡាការិនីជានិស្សិតដែលឧបនិស្ស័យនិងមានទេពកោសល្យល្អលើប្រភេទកីឡានីមួយ ដើម្បីយកមកបណ្តុះបណ្តាលបញ្ចូលទៅក្នុងក្រុមជម្រើសជាតិនៅថ្ងៃខាងមុខ ព្រោះថានិស្សិតមានប្រាជ្ញាស្មារតីល្អ ឆ្លៀសវ៉ៃ ការហ្វឹកហាត់ចាប់បានរហ័សថែមទៀតផង។
បន្ថែមពីនោះ ឯកឧត្តម រដ្ឋលេខាធិការ ទទួលបន្ទុកកីឡាជំនាញរបស់ក្រសួងអប់រំយុវជន និងកីឡា ក៏បានអំពាវនាវដល់គណៈគ្រប់គ្រងតាមបណ្តាសកលវិទ្យាល័យរាជធានី ខេត្ត រួសរាន់ដាក់ពាក្យចូលរួមប្រកួតឳ្យបានច្រើនកុះករ ព្រោះសកម្មភាពអប់រំកាយនិងកីឡាគឺជាមាសភាពមួយយ៉ាងសំខាន់ក្នុងការអប់រំ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងដំណើរចាប់ពីថ្ងៃទី១៨-២៧ ខែឧសភា ឆ្នាំ២០២៤ មានកីឡា១៣ប្រភេទ សម្រាប់ធ្វើការប្រកួតប្រជែង រួមមាន៖ -កីឡាបាល់ទាត់ -កីឡាបាល់ទះ -កីឡាបាល់បោះ -កីឡាអត្តពលកម្ម -កីឡាប៉េតង់ -កីឡាហែលទឹក -កីឡាវាយកូនឃ្លីលើតុ -កីឡាវាយសី -កីឡាតេក្វាន់ដូ ITF -កីឡាតេក្វាន់ដូ WT -កីឡាការ៉ាតេ -កីឡាសីដក់ -និងកីឡាគុនដាវ៕ ដោយ ៖ ភារ៉ា ដង្កោ