បងប្អូនស្គាល់ទេ ! ប្រវត្តិកកើត រមណីយដ្ឋានទឹកធ្លាក់ហោង ជាតំបន់ទេសចរណ៍ស្តង់ដារសម្រាប់ខេត្តត្បូងឃ្មុំ

ចែករំលែក៖

 

ខេត្តត្បូងឃ្មុំ ៖ សូមគាំទ្រអាជ្ញាធរស្រុមមេមត់ ដែលបានបើកកិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិកកើត រមណីយដ្ឋានទឹកធ្លាក់ហោង ដើម្បីរៀបចំឱ្យក្លាយទៅជាតំបន់ទេសចរណ៍ស្តង់ដារសម្រាប់ខេត្តត្បូងឃ្មុំ ព្រោះជាតំបន់ទេសចរ ទាក់ទាញភ្ញៀវ លើកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទៀតផង។ 

សូមបញ្ជាក់ថា ៖ រដ្ឋបាលខេត្តបានឱ្យដឹងថា ៖ កិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិកកើត នៃរមណីយដ្ឋានទឹកធ្លាក់ហោង ស្ថិតនៅឃុំកំពាន់។ 

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ ក្រោមវត្តមាន លោក ស្រេង លី អភិបាល នៃគណៈអភិបាលស្រុកមេមត់ និងលោក អ៊ុក សំអឿន ប្រធានក្រុមប្រឹក្សាស្រុក។

ក្នុងនោះមានការចូលរួមពី លោកប្រធាន-អនុប្រធានមន្ទីរជំនាញចំនួន០៣ រួមមាន មន្ទីរវប្បធម៍ មន្ទីរព័ត៌មាន និងមន្ទីរទេសចរណ៍។

ព្រមទាំង អភិបាលរងស្រុក មន្រ្តីសាលាស្រុក លោកមេឃុំកំពាន់ ចាស់ព្រឹទ្ធាចារ្យ និងអ្នកពាក់ព័ន្ធ។ ក្នុងនោះអាជ្ញាធរស្រុកមេមត់ បានកិច្ចប្រជុំពិភាក្សាចងក្រងប្រវត្តិកកើត នៃរមណីយដ្ឋានទឹកធ្លាក់ហោង ដើម្បីរៀបចំតំបន់ទឹកធ្លាក់ធម្មជាតិនេះ ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ស្តង់ដា 

និងអ្នកពាក់ព័ន្ធទាំងអស់ សូមចូលរួមរៀបចំចងក្រង ធ្វើប្លង់មេ ឬផែនការមេ (Master Plan) និងសិក្សាស្រាវជ្រាវតាមរយៈឯកសារនានា តាមរយៈការដំណាលតៗគ្នា ពីសំណាក់ចាស់ព្រឹទ្ធាចារ្យ ដែលរស់នៅតំបន់នោះ ឱ្យបានច្បាស់លាស់ តាមលក្ខណៈបច្ចេកទេស ដើម្បីជូនលោកបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកមេមត់ និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យក្នុងការស្ថាបនាផ្លូវចូលទៅកាន់តំបន់នេះ និងលទ្ធភាពធ្វើឱ្យតំបន់នេះ ក្លាយជាតំបន់ទេសចរណ៍ទឹកធ្លាក់ធម្មជាតិ ស្តង់ដារសម្រាប់ខេត្តត្បូងឃ្មុំ។

លោក ស្រេង លី ក៏បានបន្តលើកឡើងថា ៖ ចំពោះការរៀបចំតំបន់ធម្មជាតិទឹកធ្លាក់ហោងនេះ ទាមទាឱ្យមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ស្រុក បងប្អូនប្រជាពលរដ្ឋ ក្នុងតំបន់នេះ និងមានការគាំទ្រ ពីគ្រប់ស្ថាប័ន មន្ទីរជំនាញ ក្រសួង ពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាល។

សូមជម្រាបជូនថា រមណីយដ្ឋានទឹកធ្លាក់ហោង គឺជារមណីដ្ឋានធម្មជាតិ ស្ថិតភូមិលោក ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានទឹកធ្លាក់ជាដំណាក់ៗ ជាតំបន់ភ្នំក្រំថ្ម មានរូងថ្មរាប់សិបម៉ែត្រការេ ហើយមានទេសភាពស្រស់បំព្រង និងខ្យល់អាកាសល្អបរិសុទ្ធ។

ប្រសិនធ្វើដំណើរ តាមភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ មានចម្ងាយប្រមាណ ៥៧គ.ម ពីទីរួមខេត្តត្បូងឃ្មុំ កាត់តាមផ្លូវជាតិលេខ៧ ផ្លូវបត់ចូលត្រង់ឃុំក្រែក ស្រុកពញាក្រែក និងពីទីរួមស្រុកមេមត់ ចូលតាមភូមិបុរីតេជោផ្លាកសំរោង មានចម្ងាយចំនួន ៣៥គ.ម និងមានចម្ងាយប្រមាណ ១៩០ គ.ម ពីរាជធានីភ្នំពេញ។

ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិត‌ៗ និងហែលទឹកកម្សាន្ដលេងជាមួយល្បឿនទឹកហូរ។ ភ្ញៀវជាញឹកញាប់បានទៅទីនោះ ដើម្បីអធិដ្ឋានដល់ព្រះពុទ្ធបដិមា និងដើម្បីស្វែងរកពរជ័យពីព្រះសង្ឃដែលគង់នៅទីនោះ។

បើយោងតាមអាជ្ញាធរមូលដ្ឋាននៅទឹកធ្លាក់ហោងមានដីប្រមាណ ១,៨០០ហិតា ដែលសុទ្ធសឹងតែជាព្រៃក្រាស់ មានដើមឈើតូចធំ វល្លិ រំយោល និងមានឫសរុក្ខជាតិរយីងរយោងបែបធម្មជាតិគួរជាទីគយគន់ សក្ដិសមសម្រាប់អ្នកស្រឡាញ់ធម្មជាតិបៃតង ចូលចិត្តភាពស្ងប់ស្ងាត់ និងត្រូវការលំហែអារម្មណ៍ឱ្យស្រស់ស្រាយ ងូតទឹកលេង ជាមួយទឹកធ្លាក់ពីធម្មជាតិ នឹងធ្វើឱ្យអ្នកទេសចរទាំងឡាយបង្កើតអនុស្សាវរីយ៍ច្រើនរាប់មិនអស់ ពេលបានមកលេងទីនេះ។

សូមរម្លឹកថា ៖ តំបន់ប្រវត្តិសាស្រ្ត នៅខេត្ត ត្បូងឃ្មុំទេសចរ មិនអាចមើលរំលងបានតែឱកាស បុណ្យទានធំៗ ដែលជាខេត្តបែក ចេញពីខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំមានតំបន់ ទេសចរណ៍ជាច្រើនកន្លែង ជាពិសេសក៏ មានបន្សល់ទុក តំបន់ប្រវត្តិសាស្ត្រ ជំនាន់ ហ្លួងព្រះស្តេចកន នាសតវត្សទី ១៦ ដ៏គួរឲ្យចាប់អារម្មណ៍។ ក៏ជាខេត្តកសិកម្ម ដ៏ធំជាប់ ដងទន្លេមេគង្គ តាមមន្ត្រីមន្ទីរទេសចរណ៍ ខេត្តបានឲ្យដឹងថា ៖ ខេត្តត្បូងឃ្មុំ មានតំបន់ ទេសចរណ៍ ០៩ កន្លែង មានទាំងធម្មជាតិ កែច្នៃ និងប្រវត្តិសាស្ត្រ។ តំបន់ទេសចរណ៍ នៅខេត្តត្បូងឃ្មុំ ភាគច្រើនភ្ញៀវមកលេង តាមរដូវកាល ដូចជាបុណ្យចូលឆ្នាំ ឬ កម្មវិធី បុណ្យជាតិធំៗ។ ដោយឡែក ថ្ងៃធម្មតា មិន សូវមានភ្ញៀវមកលេងច្រើនទេ។

តាមឯកសាររបស់មន្ទីរទេសចរណ៍ខេត្ត ត្បូងឃ្មុំ តំបន់ទេសចរណ៍ទាំង ០៩ កន្លែង នៅខេត្តត្បូងឃ្មុំ មានដូចជា៖

១/ទឹកធ្លាក់ហោង ជារមណីយដ្ឋាន ធម្មជាតិ មានចម្ងាយជាង ៣៩គីឡូម៉ែត្រ ពីទីរួមខេត្ត មានទីតាំងស្ថិតនៅភូមិលោ ឃុំកំពាន់ ស្រុក មេមត់។

២/ហ្លួងព្រះស្តេចកន ជារមណីយដ្ឋាន ប្រវត្តិសាស្ត្រមានចម្ងាយជាង ១០ គីឡូម៉ែត្រ ពីទីរួមខេត្ត មានទីតាំងស្ថិត នៅភូមិនគរ ក្នុង ឃុំដូនតី ស្រុកពញាក្រែក។

៣/ព្រះធាតុបាស្រី ជារមណីយដ្ឋាន ប្រវត្តិសាស្ត្រ មានចម្ងាយជាង ៤២ គីឡូម៉ែត្រ ពីទីរួមខេត្ត មានទីតាំង នៅភូមិ ព្រះធាតុ ឃុំព្រះធាតុ ស្រុកអូររាំងឪ។

៤/រមណីយដ្ឋានកែច្នៃខ្នងក្រពើលិច ចម្ងាយ ៥៨គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងនៅភូមិ ខ្នងក្រពើលិច ឃុំត្រមូង ស្រុកមេមត់។

៥/សួនបឹងក្រចាប់ ជារមណីយដ្ឋាន កែច្នៃ មានចម្ងាយជាង ៣៥ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំងនៅភូមិបឹងត្រស់ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។

៦/រមណីយដ្ឋានកែច្នៃឬស្សីឈូករ័ត្ន ចម្ងាយ ជាង៤៦ គីឡូម៉ែត្រពីទីរួមខេត្ត មានទីតាំង ស្ថិតនៅភូមិជីរោទិ៍ក្រោមទី២ ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ។

៧/សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង ជា រមណីយដ្ឋានកែច្នៃ មានចម្ងាយជាង ៣៣ គីឡូម៉ែត្រ មានទីតាំងនៅភូមិស្រែសៀម ឃុំ ជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។

៨/រមណីយដ្ឋានកែច្នៃតាសែនដូងក្រអូប ចម្ងាយជាង ៣៤គីឡូម៉ែត្រ ពីទីរួមខេត្ត មាន ទីតាំងស្ថិតនៅភូមិឯកភាព ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ។

៩/ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ជារមណីយដ្ឋាន ធម្មជាតិចម្ងាយជាង ៤០គីឡូម៉ែត្រពីទីរួម ខេត្ត មានទីតាំងស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print