ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន ១០១រូប។
សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាថ្ងៃនេះ មានរបៀបវារៈតែមួយគត់ គឺការសម្រេច អំពីសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន ២រូប ដែលមានរាយនាម ដូចតទៅ៖
លោក ចាប ម៉ុច ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលបានសុំលាលែង។
លោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស លោក ប្រាក់ សុខុន ដែលបានសុំលាលែង។
បន្ទាប់មកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ បានដំណើរការតាមរបៀបវារៈដែលមានលទ្ធផលដូចខាងក្រោម៖
១.អង្គសភាបានអនុម័តយល់ព្រមលើរបៀបវារៈដោយសំឡេង ១០២ សំឡេង។
២.ការសម្រេចសុពលភាពនៃអាណត្តិរបស់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ ចំនួន ២រូប សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា បានអាននូវសេចក្តីប្រកាសរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទទួលស្គាល់សុពលភាពនៃអាណត្តិរបស់ លោក ចាប ម៉ុច ជាតំណាងរាស្ត្រ មណ្ឌលខេត្តកណ្តាល ជំនួស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានសុំលាលែង និងលោក ទេព សុធីរ ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួស លោក ប្រាក់ សុខុន ដែលបានសុំលាលែង។
សម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧ បានដំណើរការចប់សព្វគ្រប់នូវរបៀបវារៈខាងលើរួចហើយអង្គសភា បានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នៅវេលាម៉ោង ០៨:១៧នាទី នាថ្ងៃខែឆ្នាំដដែល។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនជ្រាបជាព័ត៌មាន៕