ភ្នំពេញ៖ ក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានពន្យល់លំអិតពីកម្មវិធីថ្នាក់ជាតិរបស់ប្រមុខរាជរដ្ឋាភិបាលស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់ដែលជាយុទ្ធសាស្ត្រដ៏មុតស្រួចដើម្បីផ្លាស់ប្តូរកម្លាំងអតិពលកម្មក្នុងទីផ្សារការងារឱ្យកម្ពុជាប្រែក្លាយជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញ។
ការថ្លែងបែបនេះរបស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២៥ ខែមេសាម្សិលមិញ នាឱកាសជួបពិភាក្សាជាមួយលោកស្រី Xiaoyan Qian (ស៊ាវយាន ឈាន) នាយិការនៃការិយាល័យអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ឡាវ និងថៃ នៅទីស្តីការក្រសួង។
ក្នុងជំនួបនោះ លោកស្រីនាយិកា បានសរសើរថា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៃរាជរដ្ឋាភិបាលកម្ពុជាមានវឌ្ឍនភាពលឿនជាងបណ្តាប្រទេសក្នុងតំបន់មួយចំនួន។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកស្រីចំពោះការវាយតម្លៃនិងការកោតសរសើរ ហើយក៏បានថ្លែងអំណរគុណដល់អង្គការ ILO ដែលបានផ្តល់កិច្ចសហការដើម្បីវឌ្ឍនភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈគម្រោង ការបណ្តុះបណ្តាលមន្ត្រីជំនាញលើជំនាញទន់ដើម្បីបង្កើនផលិតភាពការងារ គម្រោងការងារសមរម្យសម្រាប់យុវជន គម្រោងទីផ្សារការងារសកម្ម និងគម្រោងនៃការកសាងសមត្ថភាពស្ថាប័នចំពោះបេឡាជាតិសន្តិសុខសង្គមជាដើម។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបង្ហាញចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ក្រសួងដែលជាគន្លឹះដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជាឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត ដែលនេះជាចំណុចដ៏សំខាន់មួយក្នុងគោលបំណងធានាពីទំនាក់ទំនងវិជ្ជាជីវៈ សិទ្ធិសេរីភាព ផលិតភាព និងសុខមាលភាព រួមទាំងបរិយាកាសល្អសម្រាប់វិនិយោគិនផងដែរ។
ទន្ទឹមនឹងនេះ ទាំងលោករដ្ឋមន្ត្រី និងលោកស្រី Xiaoyan Yan ក៏បានឯកភាពគ្នាក្នុងការបន្តគាំទ្រទៅវិញទៅមកដើម្បីឱ្យគម្រោងដែលភាគីទាំងពីរបានកំពុងសហការឱ្យកាន់តែរលូនជាបន្តទៀតដើម្បីវិបុលភាពនៃវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕ដោយ៖ស តារា