សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ខែមេសា ឆ្នាំ២០២៤ ដើម្បីពិភាក្សា ឆ្លង និងអនុម័តលើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖

 ១. សេចក្តីព្រាងអនុក្រឹត្យស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីនិងវិធាននៃការតាក់តែងសេចក្តីព្រាង ច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត

២. អនុក្រឹត្យស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា

៣. បញ្ហាផ្សេងៗ៖

– សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីសប្បាយរីករាយចំពោះប្រជាពលរដ្ឋដែលបាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅនេះ។ ទន្ទឹមនឹងនោះ បញ្ហាដែលកើតឡើងដោយសកម្មភាពបងធំ បងតូច បានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបណ្តាល មកពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការរៀបចំបានល្អរបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងន័យនេះសម្តេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយយ៉ាងសស្រាក់សស្រាំ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញការងារ និងបានរៀបចំពិធីបុណ្យចូលឆ្នាំយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយយ៉ាងក្រៃលែង។

 

– សម្តេចធិបតី បានប្រកាសផ្តល់រង្វាន់តាមការសន្យាដល់ខេត្តចំនួន ៦ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ខេត្តទាំង ៦ នោះគឺ ខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តប៉ៃលិន ដោយខេត្តនីមួយៗទទួលបាន លិខិតសរសើរ១ច្បាប់ ថវិកា២០០លានរៀល និងភេសជ្ជៈ ១០០០កេស។

 

  សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនរៀបចំឯកសារវាយតម្លៃអំពីវឌ្ឍនភាពនៃការងារបន្ទាប់ពីរាជរដ្ឋាភិបាល និងវេទិកាវិស័យឯកជនដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកាឆ្នាំ២០២៣ សំដៅដោះស្រាយបញ្ហានានាជូនវិស័យឯកជន។ ឯកសារវាយតម្លៃនេះត្រូវដាក់ជូន សម្តេចធិបតី ក្នុងខែមិថុនាខាងមុខ។

 

  សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាបានសម្រេចផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិមក ឆ្នាំ២០២៤ វិញនិងបានណែនាំឱ្យក្រសួងពាក់ព័ន្ធរៀបចំការងារនេះ និងបានណែនាំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសិក្សាអំពីការពង្រឹងវិទ្យាស្ថានជាតិស្ថិតិ ពីព្រោះវិទ្យាស្ថាននេះគឺជាស្នូលនៃការប្រមូលទិន្នន័យដើម្បីជាមូលដ្ឋាននៃការវិភាគ។ ដោយកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពដោយកាត់បន្ថយនូវផលប៉ះពាល់នានាដែលអាចកើតមាន។

 

– ពាក់ព័ន្ធនឹងការឡើងកម្តៅដោយការប្រែប្រួលអាកាសធាតុ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ណែនាំបន្តដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្កាគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុក្នុងរដូវប្រាំងនេះ។ ទន្ទឹមនឹងនោះ សម្តេចធិបតីក៏បានស្នើឱ្យក្រុមការងារចុះមូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព។ សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងរ៉ែនិងថាមពលឱ្យពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងត្រៀមលក្ខណៈក្នុងករណីដែលមានបញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់វារីអគ្គិសនី ខណៈដែលក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។

 

– សម្តេចធិបតី បានណែនាំឱ្យគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ត្រៀមរៀបចំការងារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព។

 

  ចុងក្រោយសម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកំដៅការពារបរិស្ថាន ដោយស្នើឱ្យក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃនិងឱ្យបានច្រើនតាមតែអាចធ្វើទៅបានដល់ប្រជាពលរដ្ឋ។នេះបើយោងតាមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print