ភ្នំពេញ៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌ ដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង pop streetផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភាឆ្នាំ២០២៤នេះ ដើម្បីបំរើ ឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញនិងដើរលេងកំសាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំឱ្យ បានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។
នេះបើតាមការបញ្ជាក់ឱ្យដឹងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ ផ្លូវថ្មើរជើងរាជធានីភ្នំពេញ ត្រូវបានបែងចែងជា៣តំបន់ មានទំហំ៥៧ហិកតា ដោយផ្លូវថ្មើរជើងតំបន់ទី១ មានទីតាំង
នៅមុខប្រៃសណីយ៍ មាន ព្រំប្រទល់ខាង ជើង៖ ផ្លូវលេខ៩៤-ខាងត្បូង ផ្លូវលេខ១០៦-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត តិរិវិថីព្រះស៊ីសុវត្ថិ (តំបន់នេះនឹងរៀបចំឡើងជាតំបន់វិថីម្ហូបអាហារ និងហាងទំនិញ)។
ផ្លូវថ្មើរជើងតំបន់ទី២ មានទំហំមានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១០៦-ខាងត្បូង៖ ផ្លូវលេខ ១៨៤-ខាងលិច៖ ផ្លូវលេខ១៣-ខាងកើត៖ តិរិវិថីព្រះស៊ីសុវត្ថិ(តំបន់នេះរៀបចំជាតំបន់ pop street)។
ផ្លូវថ្មើជើងតំបន់ទី៣ មានព្រំប្រទល់ខាងជើង៖ ផ្លូវលេខ ១៨៤-ខាងត្បូង៖ មហាវិថីព្រះសីហនុខាងលិច៖ ផ្លូវលេខ០៧-ខាង កើត តិរិវិថីព្រះស៊ីសុវត្ថិ(រៀបចំជាតំបន់ លំហែកាយ)។
លោកសាំ ពិសិដ្ឋ បញ្ជាក់ថា តំបន់ទាំង៣នេះរដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំឡើងអោយមាន
សោភណ្ឌភាពស្រស់បំព្រង ជាតំបន់បៃតង មានសួនច្បារ តាំងភ្លើងចម្រុះពណ៌ មានបង្គន់អនាម័យ ចំណតយានយន្តបណ្តោះអាសន្ន មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pop streetផងដែរ។
តំបន់នេះក្រោយការរៀបចំរួចនឹងបើកអោយភ្ញៀវជាតិ អន្តរជាតិចូលទិញទំនិញនិងកំសាន្តសប្បាយ ចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់។
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានលើកឡើងថា៖ គម្រោងនេះយើងបានសិក្សារួចអស់ហើយ ដូច្នេះលោកជម្រុញអោយ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញចាប់ផ្តើមអនុវត្តការងាររៀបចំគម្រោងនេះ ចាប់ពីពេលនេះតទៅ ដោយប្រើប្រាស់ពេលវេលា៦ខែ ពោលគឺអោយរួចរាល់ នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ ដើម្បីឱ្យ តំបន់នេះ ក្លាយជាតំបន់ មានហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងជាកន្លែង pop streetផងដែរ ៕. ដោយ សំរិត