ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតិភាព សម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលពាណិជ្ជកម្ម អាស៊ាន-អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) មានទីតាំងស្ថិតនៅតាមបណ្តោយ មហាវិថីឈ្នះ-ឈ្នះ ក្នុងសង្កាត់គោករកា .ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ស៊ី ហ្សាន (XIE ZHAN) អគ្គនាយកក្រុមហ៊ុនចាង វ៉ាង (ខេមបូឌា)។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា៖ ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) បានសម្រេច ចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបណ្តាក់ទុនវិនិយោគក្នុងទំហំ ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ក្នុងវិស័យអចលនទ្រព្យ, ផ្សារផ្គត់ផ្គង់ និងគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម ក្នុងភាពជាដៃគូជាមួយនិង រដ្ឋបាលរាជធានីភ្នំពេញ។ នេះមិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្របញ្ច កោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា ក្នុងការខិតខំទាក់ទាញការវិនិ យោគទាំងក្នុង និងក្រៅប្រទេស ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងខួបលើកទី៦៦ នៃទំនាក់ ទំនង ការទូតរវាង “ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន” ឱ្យកាន់តែស្ថិតស្ថេររឹងមាំបន្ថែមទៀត។
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់ថា ផ្នែកឯកជនគឺជាកម្លាំង ចលករនៃការអភិវឌ្ឍ និងជាក្បាលម៉ាស៊ីនជំរុញកំ ណើនសេដ្ឋកិច្ចជាតិ។ ការសម្ពោធមជ្ឈមណ្ឌ លពាណិជ្ជកម្មអាស៊ាន- អន្តរជាតិ របស់ក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត
អ៊ិនវេសម៉ិន នាពេលនេះ គឺជាការអនុវត្តកិច្ចសន្យាសម្រាប់បំពេញតម្រូវការទាំង រដ្ឋបាលរាជធានីភ្នំពេញ និងភាគីក្រុមហ៊ុនវិនិយោគ ដែលនឹងទទួលបាន ការគាំទ្រពីសំណាក់វិស័យឯកជន និងបងប្អូនអាជីវករ យ៉ាងពិតប្រាកដ។ ប្រសិនបើប្រទេសកម្ពុជាគ្មាន សន្តិភាព និងស្ថិរភាពនយោបាយគឺគ្មានការអភិវឌ្ឍ និងគ្មានគម្រោងវិនិយោគរបស់ វិស័យឯកជន រួមទាំងគម្រោងវិនិយោគរបស់ ក្រុមហ៊ុន ចាងវ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិនដែរ។ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោង អភិវឌ្ឍន៍ ក្នុងភាពជាដៃគូរវាងវិស័យរដ្ឋ និងវិស័យឯកជន ដែលទទួល បានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានចុះ កិច្ចសន្យាជួលទីតាំងបឹងតាមោកទំហំ២០ ហិចតា ឱ្យទៅក្រុមហ៊ុន ចាង វ៉ាង (ខេមបូឌា) រៀល អ៊ីស្ទេត អ៊ិនវេសម៉ិន ដើម្បីអភិវឌ្ឍន៏ ជាផ្សារ ផ្គត់ផ្គង់បន្លែ ផ្លែឈើ ចំណតរថយន្តបង់ប្រាក់ និងអគារពាណិជ្ជកម្មកម្ពស់ ៣៣ ជាន់ ហើយភាគីក្រុមហ៊ុន ក៏បានវិនិយោគបន្ថែមលើអចលនទ្រព្យ ក្នុងតំបន់នេះ ដែលធ្វើឱ្យគម្រោងអភិវឌ្ឍន៍កាន់តែមានវិសាលភាពធំ នឹងប្រកបដោយសក្តានុពល។
លោកបានបញ្ជាក់ថា៖ គោលបំណងសំខាន់នៃការអនុវត្តគម្រោងនេះ គឺដើម្បី ប្រែក្លាយតំបន់បឹងតាមោក ឱ្យទៅជាតំបន់វិនិយោគពហុបំណង ដែល នឹងរួមចំណែក ដល់ការកាត់បន្ថយការកកស្ទះចរាចរណ៍ សណ្តាប់ធ្នាប់ សាធារណៈ សុវត្ថិភាពសង្គម អនាម័យ-បរិស្ថាន និងជំរុញការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ក្នុងតំបន់នេះ ឱ្យកាន់តែប្រសើរឡើង។ ជាក់ស្តែង ក្រោយការសាងសង់រួចរាល់ មួយផ្នែកនៃមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ទទួលយកបងប្អូនអាជីវករ ដែលកំពុង តែលក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ជាពិសេស តំបន់ជុំវិញផ្សារ ដើមគរចាស់ ក្នុងខណ្ឌទួលគោក ព្រមទាំងតំបន់ស្មុគស្មាញមួយចំនួនទៀតអាចចូលមកលក់ដូរក្នុងទីតាំងសមរម្យ ប្រកបដោយផាសុកភាព និង សុវត្ថិភាព ដែលនេះ គឺជាការគិតគូរខ្ពស់បំផុតរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត ចំពោះបងប្អូន អាជីវករសេដ្ឋ កិច្ចក្រៅប្រព័ន្ធ។
លោក ក៏បានអំពាវនាវដល់បងប្អូនអាជីវករ ដែលកំពុងតែ លក់ដូរគ្មានសណ្តាប់ធ្នាប់តាមដងផ្លូវ ក្នុងតំបន់ជុំវិញផ្សារដើមគរចាស់ និងបងប្អូនអាជីវករសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ក្នុងរាជធានីភ្នំពេញមេត្តាចូលរួមសហការ និងអញ្ជើញមកទទួលយកទីតាំងលក់ដូរថ្មី ដែលអាជ្ញាធរបានខិតខំរៀបចំជូនក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ សមស្រប ទៅតាមលទ្ធភាព និងទំហំអាជីវកម្មរបស់ខ្លួន ហើយបញ្ឈប់ការលក់ដូរ គ្មានសណ្តាប់ធ្នាប់ ដើម្បីរួមគ្នាកាត់បន្ថយការកកស្ទះចរាចរណ៍ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម លើកកម្ពស់អនាម័យ បរិស្ថាន និងកែលម្អសោភ័ណភាពទីក្រុងយើង ឱ្យកាន់តែស្រស់បំព្រងឡើង។
លោក វ៉ាង វិនធាន បានមានប្រសាសន៍ថា៖ មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ាន-អន្តរជាតិ គឺជាគម្រោងមួយឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងចិន។ មជ្ឈមណ្ឌលនេះនឹងក្លាយជាផ្សារបោះដុំទំនិញដ៏ធំជាងគេនៅកម្ពុជា ហើយផ្សារនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍនិងជម្រុញឱ្យកើនឡើងនូវពាណិជ្ជកម្ម នៃប្រទេសទាំងពីកម្ពុជា-ចិន ឱ្យកាន់តែខ្លាំងឡើងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងវប្បធម៏ ៕.