លោក ហ៊ុន ម៉ានី «បើខ្មែរមិនគិតពីអនាគតរីកចម្រើនដោយខ្លួនឯងនោះ គ្មានបរទេសណាមកគិតជំនួសយើងទេ»

ចែករំលែក៖

ភ្នំពេញ ៖ សូមចូលរួមអបអរសាទរ ពិព័រណ៍រថយន្ត លើកទី១នៅកម្ពុជា ដែលបង្ហាញពីភាពចម្រុះនៃវិស័យយានយន្តនៅកម្ពុជា។ នេះជាការបញ្ជាក់ពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យយានយន្តនៅកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ កំណើននៃក្រុមហ៊ុននាំចូល និងក្រុមហ៊ុនដំឡើងរថយន្តជាបន្តបន្ទាប់ បានបង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល រួមទាំងការដាក់ចេញគោលនយោបាយនានា ដើម្បីលើកស្ទួយវិស័យឯកជន និងលើកកម្ពស់បរិយាកាសវិនិយោគ ដើម្បីបង្កើនប្រសិទ្ធភាព លើកកម្ពស់ផលិតកម្ម បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋខ្មែរ។

លោកបន្តថា ៖ បន្ថែមលើបរិយាកាសអំណោយផលនៃគោលនយោបាយនានា និងការយកចិត្តទុកដាក់លើផ្នែកឯកជន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ការរៀបចំពិព័រណ៍រថយន្តនាថ្ងៃនេះ ជាផ្នែកមួយយ៉ាងសំខាន់នៃការចូលរួមចំណែករបស់ផ្នែកឯកជន ក្នុងការបង្ហាញឱ្យកាន់តែច្បាស់ពីសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសការរីកចម្រើននៃវិស័យយានយន្តនៅកម្ពុជា។ ខ្ញុំសង្ឃឹមថា គំនិតផ្តួចផ្តើមនៃការរៀបចំពីព័រណ៍រថយន្តនេះ នឹងបន្តកើនមានឡើងជាប្រចាំ និងជាបន្តបន្ទាប់។

ថ្ងៃនេះយើងនិយាយពីសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាក្នុងវិស័យយានយន្តក៏ពិតមែន តែខ្ញុំសូមយកឱកាសនេះ លើកឡើងនូវការគិតគូរ និងចក្ខុវិស័យវែងឆ្ងាយ ដែលខ្មែរជាអ្នកគិតគូរពីអនាគតរបស់ខ្មែរដោយខ្លួនឯង ចំពោះអនាគតសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ យ៉ាងច្រើនឥតគណនា និងផលប្រយោជន៍នានាដែលបម្រើដល់ប្រជាពលរដ្ឋខ្មែរក្នុងការអភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរ ក៏ដូចជាបង្កើតជាប្រព័ន្ធរំដោះទឹកជំនន់ជាដើម។ ក្នុងនាមជាកូនខ្មែរ ខ្ញុំគាំទ្រយ៉ាងពេញទំហឹងលើគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលបានផ្តួចផ្តើមគំនិតដោយសម្តេចតេជោ ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ និងបន្តអនុវត្តប្រកបដោយថាមពល ដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧។ កម្ពុជា មានបំណងស្មោះត្រង់ ក្នុងការគិតគូរពីនិរន្តរភាពយូរអង្វែង លើការរីកចម្រើននៃអនាគតជូនប្រជាពលរដ្ឋខ្មែរ។ បើខ្មែរមិនគិតពីអនាគតរីកចម្រើនដោយខ្លួនឯងនោះ គ្មានបរទេសណាមកគិតជំនួសយើងទេ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print