សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែង​ប្រសាសន៍សំខាន់ៗឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់​ ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។

សូម​អាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ ដូចខាងក្រោម​៖

-សម្តេចធិបតី ថ្លែងថា ការជួបជុំអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលលើកម្មករ និយោជិត និងវិស័យការងារ។

-សម្តេចធិបតី ថ្លែងថា ការងារ គឺជាកិច្ចការធំណាស់ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋ។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលមិនអាចចិញ្ចឹមប្រជាពលរដ្ឋនោះទេ តែរាជរដ្ឋាភិបាលត្រូវបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ តាមរយៈការបណ្តុះបណ្តាល និងទាក់ទាញការវិនិយោគ។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលនីតិកាលថ្មី បន្តយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការងារវិនិយោគរបស់វិស័យឯកជននេះ។

-សម្តេចធិបតី ថ្លែងថា គោលការណ៍វិនិយោគរបស់កម្ពុជា គឺរក្សាចាស់ បង្កើតថ្មី។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រូវរក្សាចាប៥ក្នុងដៃ ប្រសើរជាងរង់ចាំលលក២០ នៅក្នុងព្រៃ។

-សម្តេចធិបតី ថ្លែងថា សុខសន្តិភាព និងស្ថេរភាព គឺជាកត្តាដ៏សំខាន់សម្រាប់ការទាក់ទាញវិនិយោគ។ អត់មានការវិនិយោគណាទៅប្រទេសមានសង្គ្រាម និងគ្មានស្ថេរភាពនោះទេ។

-សម្តេចធិបតី ថ្លែងថា បើគ្មានការធានាបាននូវទឹក ផ្លូវ ភ្លើង ធនធានមនុស្ស និងបច្ចេកវិទ្យា ក៏មិនអាចទាក់ទាញការវិនិយោគផងដែរ។

-សម្តេចធិបតី ថ្លែងថា បើគ្មានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច មិនអាចទាក់ទាញការវិនិយោគនោះឡើយ។

-សម្តេចធិបតី ថ្លែងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់យុវជនមកពីគ្រួសារក្រីក្រ គឺជាការបង្កើនផលិតភាពការងារ។ សម្តេចលើកទឹកចិត្តឱ្យកម្មករ និយោជិត ចូលរៀនក្នងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ ដើម្បីបង្កើតសមត្ថភាពស្វែងរកប្រាក់ឈ្នួលកាន់តែខ្ពស់។

-សម្តេចធិបតី ថ្លែង​ថា គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ មានយុវជនចំនួន ៣៣,៩១១នាក់ (ស្រី ១១,៧៥៩នាក់) បានចុះឈ្មោះចូលរៀន ក្នុងនោះមានចំនួន ១៦,៥៨៨នាក់ (ស្រី ៥,៦៤៦នាក់) កំពុងទទួលការបណ្តុះ​បណ្តាល​កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ។

-សម្តេចធិបតី ថ្លែង​ណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំត្រូវបន្តរៀបចំកម្មវិធីជួបសំណេះសំណាលរបស់ខ្ញុំ ជាមួយបងប្អូនកម្មករនិយោជិតទាំង សេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីចុះសួរសុខទុក្ខ និងដោះស្រាយសំណូមពររបស់បងប្អូន កម្មករនិយោជិត។

-សម្តេចធិបតី ថ្លែង​ណែនាំដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និង សហជីព ត្រូវចូលរួមអនុវត្តច្បាប់ និងពង្រឹងវប្បធម៌អនុលោមភាពតាមច្បាប់។

-សម្តេចធិបតី ថ្លែង​ណែនាំដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និង សហជីព ត្រូវខិតខំពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់, និងលិខិតបទដ្ឋាន​ពាក់​ព័ន្ធវិស័យការងារ ដើម្បីបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានតម្លា​ភាព​ក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់។

-សម្តេចធិបតី ថ្លែង​ណែនាំដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ប្រតិភូបុគ្គលិក និង សហជីព ត្រូវចាត់ទុករោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក។

-សម្តេចធិបតី ថ្លែងថា ជីវិតគ្រួសារ ក្រុមហ៊ុន ឬធ្វើការងារជាក្រុម មិនអត់នោះទេបញ្ហា តិចឬច្រើន។ តែឪពុកម្តាយនៅចាំសម្របសម្រួលជានិច្ច។

-សម្តេចធិបតី ថ្លែង​កោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រឹងប្រែងដោះស្រាយវិវាទការងារទាំងឡាយនៅតាមរោងចក្រ សហគ្រាស។ សម្តេចធិបតី បន្តលើកទឹកចិត្តឱ្យប្រឹងប្រែងបន្តទៀត។

-សម្តេចធិបតី ថ្លែងថា និយាយរឿងសិទ្ធិសហជីព ត្រូវមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ចិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦,៣១៧។ ក្នុងនោះ សហភាព សហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៥,៩៨៣ និងសមាគមនិយោជកមានចំនួន១២។

-សម្តេចធិបតី ថ្លែង​ណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យកចិត្តទុកដាក់សម្របសម្រួល និងដោះស្រាយបញ្ហាទាំងឡាយនៅតាមរោងចក្រ សហគ្រាស ជាពិសេសការរក្សាភាពសុខសាន្ត។

-សម្តេចធិបតី ថ្លែង​ណែនាំពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធវិស័យការងារ ដោយចាត់វិធានការ យ៉ាងម៉ឺងម៉ាត់តាមច្បាប់ គ្មានការលើកលែង ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងឡាយណាដែល មិនអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ។

-សម្តេចធិបតី ថ្លែង​ណែនាំបន្តដឹកនាំយន្តការអធិការកិច្ចអន្តរក្រសួងដោយកំណត់ធ្វើឡើងតែម្ដងគត់ក្នុង១ឆ្នាំ លើគោលដៅតែមួយ លើកលែងតែមានបណ្ដឹងពីបងប្អូនកម្មករនិយោជិត ឬមានឧបទ្ទវហេតុណាមួយកើតឡើង និងធ្វើវិជ្ជាជីវៈនីយកម្មអធិការការងារ​និងបណ្តុះបណ្តាល វាយតម្លៃ ដើម្បីផ្តល់នីតិសម្បទា ជានគរបាលយុត្តិធម៌ និងផ្តល់ការបណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ។

-សម្តេចធិបតី ថ្លែង​ណែនាំសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាលទ្ធភាពបង្កើតរបប ធានារ៉ាប់រងផលប្រយោជន៍របស់កម្មករនិយោជិត នៅពេលរោងចក្របិទទ្វារ ឬដួលរលំ នៅក្រោម បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវអនុវត្តតែក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។

-សម្តេចធិបតី ថ្លែង​ណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពិភាក្សាជាមួយដៃគូពាក់ព័ន្ធដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឯករាជ្យភាព និងទទួលបាននូវជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។

-សម្តេចធិបតី ថ្លែង​ណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបន្តយកចិត្តទុកដាក់អនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍១០ ចំណុច ដែលខ្ញុំបានដាក់ចេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់បន្តទៀត។

-សម្តេចធិបតី ថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារយ៉ាងច្រើនអនេក មកគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីកម្ពុជាផ្លូវដឹកជញ្ជូនដោយខ្លួន មានកន្លែងដកដង្ហើមដោយខ្លួនឯង។

-សម្តេចធិបតី ថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ មិនមែនជាប្រយោជន៍របស់ត្រកូល «ហ៊ុន» នោះទេ គឺជាប្រយោជន៍របស់ខ្មែរទាំងមូល។

-សម្តេចធិបតី ថ្លែងថា សម្តេចនឹងបន្តបេសកកម្មរបស់សម្តេចតេជោ ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។

-សម្តេចធិបតី ថ្លែងថា ការធ្វើព្រែកជីកហ្វូណន-តេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះមានការសិក្សាច្បាស់លាស់ណាស់ពីផលប៉ះពាល់។

-សម្តេចធិបតី ថ្លែង​ថា តាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ។

-សម្តេចធិបតី ថ្លែងថា ប្រទេសច្រើនធ្វើព្រែក ធ្វើវារីអគ្គិសនីជាច្រើន មិនខ្វល់ មកចាប់អារម្មណ៍អ្វីម្ល៉េះមកនឹងកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានអ្វីមករារាំងគម្រោងព្រែកជីកហ្វូណន-តេជោ នោះឡើយ។

-សម្តេចធិបតី ថ្លែងថា គម្រោងព្រែកជីកហ្វូណន-តេជោ បានសិក្សាយ៉ាងលំអិតរយៈពេលប្រមាណ ២៦ខែ។

-សម្តេចធិបតី ថ្លែង​រំពឹងថា សម្តេចនឹងមានឱកាសជិះកាណូតកម្សាន្តលើព្រែកជីកហ្វូណន-តេជោ។

-សម្តេចធិបតី ថ្លែងថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុតគឺនៅឆ្នាំ២០២៥។

-សម្តេចធិបតី ប្រកាស​អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រឱ្យគម្រោងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យ។

-សម្តេចធិបតី ថ្លែងថា ជនខ្លះយកស្មារតីជាតិនិយមធ្វើឱ្យបែកបាក់ជាតិ តែពេលនេះខ្មែរយកស្មារតីជាតិនិយម ដើម្បីកសាងព្រែកជីកហ្វូណន-តេជោ ជាសមិទ្ធផលរបស់ជាតិ។

-សម្តេចធិបតី ថ្លែង​ចោទសួរទៅត្រឡប់ទៅជនក្បត់ជាតិ សម រង្ស៉ី តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម?

-សម្តេចធិបតី ថ្លែង​ចោទសួរជនក្បត់ជាតិ៣ជំនាន់ថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ?

-សម្តេចធិបតី ប្រកាស​ផ្តាំទៅជនក្បត់ជាតិ សម រង្ស៉ី សូមតម្កល់ប្រយោជន៍សម្រាប់ជាតិ កុំប្រឆាំង ដើម្បីប្រឆាំង។

-សម្តេចធិបតី ថ្លែង​ចោទសួរទៅត្រឡប់ទៅជនក្បត់ជាតិ សម រង្ស៉ី តើមានចេតនាបែបណា និងរូបភាពបែបណា ដែលប្រឆាំងគម្រោងព្រែកជីកហ្វូណន-តេជោ ដូចនឹងអ្នកស្រាវជ្រាវរបស់វៀតណាម?

-សម្តេចធិបតី ថ្លែង​ចោទសួរជនក្បត់ជាតិ៣ជំនាន់ថា តើចំណេញឬខាតរវាងដឹកចេញតាមព្រែកជីករបស់ខ្លួនឯង និងចំណាយលុយឆ្លងកាត់តាមប្រទេសគេ?

-សម្តេចធិបតី ថ្លែងថា កុំខ្វល់ថានរណាជាអ្នកធ្វើ ហើយកុំខ្លាចបានប្រជាប្រិយទៅសម្តេចតេជោ ឬសម្តេចធិបតី សំខាន់បានជាប្រយោជន៍របស់ខ្មែរទាំងមូល។

-សម្តេចធិបតី ថ្លែងថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការមូលនិធិពីប្រជាពលរដ្ឋនោះទេ។ ការគាំទ្រផ្នែកស្មារតី គឺជាការគាំទ្រដ៏ធំធេង។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលមិនមានគម្រោងបង្កើតមូលនិធិសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោនោះឡើយ។

-សម្តេចធិបតី ថ្លែងថា ទោះមិនមានការចូលរួមពីបរទេស ក៏ខ្មែរអាចធ្វើព្រែកជីកនេះបានដែរ តាមរយៈសេណារីយ៉ូចំនួន៣។

-សម្តេចធិបតី ថ្លែងថា សម្តេចមិនមែនចង់បានតែផលិតផលផលិតនៅ​ក្នុងស្រុកខ្មែរប៉ុណ្ណោះទេ តែក៏ចង់បានផលិតផលផលិត ដោយខ្មែរឱ្យកាន់តែច្រើន។

-សម្តេចធិបតី ថ្លែងថា ការលើកកម្ពស់សមត្ថភាពផលិតកម្ម និងជួយគាំពារផ្នែកសុខភាពប្រជាពលរដ្ឋ គឺជាការជំរុញផលិតកម្មនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។

-សម្តេចធិបតី ថ្លែងថា សម្តេចបានណែនាំឱ្យរោងចក្រផលិតសំបកកង់រថយន្ត ភ្ជាប់ទំនាក់ទំនងគ្នាជាមួយសមាគមជ័រកៅស៊ូ ដើម្បីគាំទ្រដំណាំកៅស៊ូនៅកម្ពុជា។

គួរជម្រាបជូនថា​ ការរៀបចំពិធីអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ។ សម្រាប់ឆ្នាំនេះ ក៏ដូចឆ្នាំមុនៗផងដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរណ៍ណែនាំ និងសារលិខិត ដើម្បីបំផុសទឹកចិត្តគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាននានារៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា មានកម្មវិធីសំណេះសំណាល កម្មវិធីកម្សាន្តសប្បាយផ្សេងៗ ដើម្បីបង្កបរិយាកាសសាមគ្គីភាព ភាតរភាព រវាងកម្មករនិយោជិត ។

...

ជាមួយគ្នានេះ រាជរដ្ឋាបាលបានបន្តដាក់ចេញនូវអនុសាសន៍ស្តីពី “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” និងបានបញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់បញ្ចូលយុទ្ធនាការនេះ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ ដើម្បីប្រែក្លាយអនុសាសន៍នេះឱ្យទៅជាការអនុវត្តជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព និងបង្កើតបានវប្បធម៌អនុលោមភាពតាមច្បាប់៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print