ភ្នំពេញ៖ សួនច្បារអតីតរោងភាពយន្តចេនឡាក្បែរផ្សារដើមគរ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក មកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាឡើងវិញ ហើយ ដើម្បីបង្កើនសោភ័ណភាពថ្មីមួយទៀតសម្រាប់រាជធានីភ្នំពេញ បន្ទាប់ពីសួនច្បារមួយនេះត្រូវបានគេទុកចោលគ្មានការកែលម្អយូរឆ្នាំមកហើយ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងកែលម្អសួនច្បារចេនឡា ក្នុងខណ្ឌទួលគោក ដើម្បីបង្កើនសោភ័ណភាពថ្មី របស់រាជធានីភ្នំពេញមួយកម្រិតថែមទៀតហើយក្នុងគម្រោងកែលម្អសោភណភាពសួនច្បារមួយនេះ គឺនឹងត្រូវរៀបចំឡើងជាកន្លែង លំហែកម្សាន្ត ដែលមានទីធ្លាធំទូលាយ មាន ផ្លូវថ្មើរជើង សួនផ្កា ស្មៅ ដើមឈើ បង់អង្គុយលេងជាសាធារណៈ និងមានភ្លើងបំភ្លឺសួនយ៉ាងស្រស់ត្រកាល ។
ការស្ថាបនានិងកែលម្អសួនច្បារអតិតរោងភាពយន្តចេនឡានេះ បានធ្វើឡើង បន្ទាប់ពីមានការស្នើសុំរបស់ប្រជាពលនៅក្នុងវេទិកាសាធារណៈមួយនៅ ក្នុងមជ្ឈមណ្ឌលចេនឡាកាលពីពេលថ្មីៗកន្លងទៅនេះ ហើយក្នុងឱកាសនោះ លោក ឃួង ស្រេង អភិបាល រងរាជធានីភ្នំពេញ ក៏បានស្នើឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសិក្សាគម្រោង និង ធ្វើការជួសជុលឲ្យបានឆាប់ៗ ទើបមកដល់ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញចាប់ផ្តើមកសាង និងកែលម្អឡើងវិញ ៕
ដោយ៖ ប្រាថ្នា